កម្ពុជា-ជប៉ុន​ បង្ហាញការពេញចិត្ត​លើទំនាក់ទំនង​ និងពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំងពីរ​

(​ភ្នំពេញ​)៖​ ក្នុងជំនួបរវាងឯកឧត្តម​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ និង​ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គរាជទូត​ជប៉ុន​ថ្មី​ប្រចាំ​​កម្ពុជា ភាគីទាំងពីរ ​បាន​កត់​សម្គាល់ពីទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​រីក​ចម្រើន​​ឥត​ឈប់​ឈរ​ ហើយកំណើនសេដ្ឋកិច្ចក៏បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា «ឧបនាយករដ្ឋមន្រ្តី បាន​កត់​សម្គាល់ដោយពេញចិត្ត នូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយៈពេល៥ខែដើមឆ្នាំ២០​១៩​នេះ មានទំហំរហូតដល់ជាង២ប៊ីលានដុល្លារអាមេរិក ជាពិសេសក្រោយពីមានការតភ្ជាប់ជើងហោះ​ហើរ​ត្រង់ ដែលមិនត្រឹមតែបានជំរុញការផ្លាស់ប្តូរ ប្រជាជននឹងប្រជាជនប៉ុណ្ណាះទេ តែថែមទាំងរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម និងវិនិយោគផងដែរ»។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន​​ បានសម្តែង​នូវ​ការ​កោតស្ញប់ស្ញែង​ និង​អបអរសាទរ​ដល់​ប្រជាជន​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ក្រោយ​ពី​បាន​ហែល​ឆ្លងកាត់​ទុក្ខ​លំបាក​វេទនា​ជា​ច្រើន​ នៅ​ក្នុង​ពេល​អតីត​កាល​​ សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជា​រួម​ដូច​បច្ចុប្បន្ន​នេះ​។​

​ទន្ទឹម​នេះ​ ជប៉ុន​ក៏​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ចំពោះ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ Free​ and​ Open​ Indo-pacific​ របស់​ជប៉ុន​ និង​ការ​គាំទ្រ​នៅ​ក្នុង​វេទិកា​អន្តរជាតិ​ ផ្សេងៗ​ទៀត​ផង​ដែរ​។​ ក្រៅពី​នេះ​ ឯក​ឧត្តម​ឯកអគ្គរាជទូត​ ក៏​បាន​កត់សម្គាល់​ឃើញ​ពី​កំណើន​របស់​ប្រជាជន​កម្ពុជា​ អញ្ជើញ​ទៅ​ប្រទេស​ជប៉ុន​​​ផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង