តំណាងក្រុមហ៊ុនជប៉ុនចំនួន៧ ជួបរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្វែងរកឱកាសវិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានអនុញ្ញាតឱ្យប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧ ចូលជួបពិភាក្សា ស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងការថែទាំមនុស្សចាស់នៅកម្ពុជា។
នៅក្នុងនោះ ឯកឧត្តមបានលើកឡើងពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយរាជរដ្ឋាភិបាលក្នុងការគាំទ្រអ្នកវិនិយោគបរទេស រួមទាំងគម្រោងគ្រប់គ្រោងបរិស្ថាន ការការពារ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា។ ឯកឧត្តម សាយ សំអាល់ ក៏បានលើកឡើងពីលទ្ធភាពរៀបចំសំណើគម្រោងវិនិយោគនៅក្រោម “យន្តការឥណទានកាបូនរួមគ្នា” (Joint Crediting Mechanism: JCM)ផងដែរ។
បើតាមក្រសួងបរិស្ថាន កម្ពុជាបានចូលរួមក្នុង JCM តាំងពីឆ្នាំ២០១៤ ហើយបច្ចុប្បន្នកំពុងអនុវត្តដោយជោគជ័យនូវគម្រោង ដែលប្រើបច្ចេកវិទ្យាជប៉ុនទំនើបៗចំនួន៦ ទាក់ទងនឹងការបំភ្លឺផ្លូវសាធារណៈ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល ការការពារ និងអភិរក្សធនធានធម្មជាតិ៕

