ឯកឧត្តម ស៊ុន ចាន់ថុល​ បញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនធំៗ​របស់ឥណ្ឌូនេស៊ី​ មកវិនិយោគ​នៅកម្ពុជា​

(ភ្នំពេញ)៖ ក្នុងដំណើរបេសកកម្មនៅប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនរដ្ឋធំៗ របស់ឥណ្ឌូនេស៊ី ដើម្បី​ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជំរុញឲ្យក្រុមហ៊ុនទាំងនោះមកដាក់ទុកវិនិយោគនៅកម្ពុជា។

នៅខណៈដែលគណៈប្រតិភូកម្ពុជា បានទទួលជួបការសម្តែងការគួរសម និងស្វែងយល់អំពីឱកាសពាណិ​ជ្ជកម្ម និងវិនិយោគនៅកម្ពុជាពីតំណាងក្រុមហ៊ុនធំៗ របស់ឥណ្ឌូនេស៊ី នៅទីក្រុង Surabaya ឯកឧត្តម ស៊ុន ចាន់ថុល បានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព និងឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមក៏បានពិភាក្សាជាមួយតំណាងក្រុមហ៊ុនទាំងអស់អំពីភាពមិនសូវជឿនលឿននៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ឯកឧត្តមបានកត់សម្គាល់ថា ទំនាក់ទំនងពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេសទាំងពីរ នៅមានទំហំតូចនៅឡើយ បើប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ ដែលនៅក្នុងឆ្នាំ២០១៨ ពាណិជ្ជកម្មទំនិញសរុបរវាងប្រទេសទាំងពីរ មានតែ ៥៥៨ លានដុល្លារ​អាមេរិក គឺការកើនឡើងចំនួន៣ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ីមានតែ ៣៣ លានដុល្លារអាមេរិក និងនាំចូលពីឥណ្ឌូនេស៊ីចំនួន ៥២៥ លានដុល្លារអាមេរិក។ ចំពោះវិនិយោគវិញ នៅមានកម្រិតតិចតួចនៅឡើយ។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានមានប្រសាសន៍ថា ប្រទេសទាំងពីរមានសក្តានុលពលធំធេងសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ ប៉ុន្តែ កន្លងមកទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាការតភ្ជាប់រវាងប្រទេសទាំងពីរនៅមានកម្រិត រួមជាមួយការទទួលបាននូវព័ត៌មានមិនល្អពីប្រទេសកម្ពុជា ដែលបានបង្កឲ្យមិនសូវមានវិនិយោគ និងទេសចរពីឥណ្ឌូនេស៊ី មកកាន់កម្ពុជា។ ដូច្នេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យតំណាងក្រុមហ៊ុនទាំងនោះ ធ្វើដំណើរមកកម្ពុជា ដើម្បីស្វែងរកឱកាស និងដៃគូអាជីវកម្មនិងវិនិយោគ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនទាំងនោះ បានយល់ពីសភាពការណ៍នៅកម្ពុជា និងសន្យាថា នឹងមកពិនិត្យ​លទ្ធភាពសម្រាប់ពង្រីកអាជីវកម្ម និងវិនិយោគនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com