អ្នកនាំពាក្យ៖​ រដ្ឋាភិបាលកម្ពុជា​ស្វាគមន៍​តំណាងទូត​អាមេរិកថ្មី ​ក្នុងការបន្តទំនាក់​ទំនង​ល្អរវាង​កម្ពុជា​-​អាមេរិក​

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា រាជរដ្ឋាភិបាលស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Muphy ក្នុងបេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់ថា «កម្ពុជាសូមស្វាគមន៍ចំពោះវត្តមាននៃការអញ្ជើមមកដល់របស់ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Muphy ជាតំណាងប្រជាជាតិអាមេរិកប្រចាំកម្ពុជា។ វត្តមាននេះ នៅតែបង្ហាញបំណងមេត្រីភាព និងសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពជារួម»។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនៅតែបង្ហាញជំហរយ៉ាងមុតមាំ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់​ទំនងល្អរវាងកម្ពុជា-អាមេរិក។ កិច្ចសហការជិតស្និទ្ធ និងជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរនេះ នៅតែបង្ហាញភាពសកម្ម និងជិតស្និទ្ធជាច្រើនវិស័យ ដូចក្នុងវិស័យដោះមីន និងវិស័យអប់រំ កសិកម្ម បេតិកភ័ណ្ឌ និងរួមគ្នាប្រឆាំងអំពើភេរវកម្មជាដើម។

«ផ្លែផ្កានៃបេសកកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីនេះ គឺជាបំណងដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងប្រជាជាតិទាំងពីរ។ ផលប្រយោជន៍ និងទស្សនៈយល់ឃើញរបស់អ្នកសិក្សាស្រាវជ្រាវ ដែលបានលើកឡើងនៅសន្និសីទសារព័ត៌មាននោះ គឺគ្រាន់តែជាសិទ្ធិនៃការបញ្ចេញយោបល់ មិនមែនជាជំហររបស់រាជរដ្ឋាភិបាលឡើយ»។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យដដែល។

ជាមួយគ្នានេះ ឯកឧត្តម ផៃ ស៊ីផាន បានគូសបញ្ជាក់ដែរថា «ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ខ្ញុំសូមគោរពជម្រាបជូនដល់សាធារណជនជាទីមេត្រី និងគោរពពិតដីកាថ្វាយប្រគេនព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ចំពោះការបកស្រាយរបស់បណ្តាញសារព័ត៌មានមួយចំនួន ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្វីដែលជាខ្លឹមសារនៃសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩»។

អង្គភាពអ្នកនាំពាក្យ សូមស្វាគមន៍ និងប្រសិទ្ធិពរជ័យជូនឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្នុងបេសកកម្មការទូតនៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com