នគរបាលខេត្តបាត់ដំបង និងនគរបាលខេត្តកំពង់ធំ ចាប់ខ្លួនយុវជនពីរនាក់ដាក់គុក ព្រោះបង្កអំពើហិង្សាមកលើឪពុកម្តាយបង្កើត

(បាត់ដំបង, កំពង់ធំ)៖ មន្ត្រីនគរបាលស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ បានចាប់ខ្លួនយុវជនម្នាក់ ដែលកាប់ឪពុកម្តាយបង្កើតរបស់ខ្លួនឲ្យរបួសធ្ងន់ ដោយលើកហេតុផលថា អ្នកមានគុណទាំងពីរ ជាខ្មោចលៀនអណ្ដាត។

មន្ត្រីនគរបាល បានបញ្ជាក់ថា យុវជនរូបនេះ ឈ្មោះ លុយ សុធី ហៅ ជយ អាយុ២៦ឆ្នាំ រស់នៅជាមួយឪពុកម្តាយ នាភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកាលពីវេលាម៉ោង២កន្លះ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានកាប់ឪពុក ឈ្មោះ លុយ វ័រ អាយុ៦៧ឆ្នាំ ឲ្យរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងម្តាយឈ្មោះ ស៊ុន ភាន អាយុ៦២ឆ្នាំ រងរបួសបន្តិចបន្តួច។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា យុវជនរូបនេះ មានជំងឺសរសៃប្រសាទ និងធ្លាប់បង្កអំពើហិង្សា ដោយដេញកាប់ឪពុក ម្ដាយ បងប្អូន សាច់ញាតិ ជាច្រើនលើកច្រើនសាររួចមកហើយ រហូតដល់ម្តងត្រូវចាប់ខ្លួនដាក់គុក។

ចំណែកមន្ត្រីនគរបាលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីវេលាម៉ោង៧កន្លះ យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៩​​​ បានចាប់ខ្លួនយុវជនម្នាក់ ព្រោះវាយម្ដាយបង្កើតឲ្យមានរបួសដោយសារតែខឹងម្ដាយមិនព្រមដណ្ដឹងប្រពន្ធ។

មន្ត្រីនគរបាលស្រុក បានដឹងថា យុវជនរូបនេះ ឈ្មោះ ងន ងឿន អាយុ២៧ឆ្នាំ រស់នៅជាមួយម្តាយ នាភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានវាយម្តាយបង្កើតរបស់ខ្លួន ឈ្មោះ ម៉ន ម៉េង អាយុ៥២ឆ្នាំ នឹងកៅអីជ័រឲ្យម្តាយរបួសដៃ និងជើង ទើបត្រូវចាប់ខ្លួនភ្លាមៗ ដើម្បីយកទៅដាក់គុក៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com