អគ្គស្នងការ​បង្ហាញ​លទ្ធផល​ ឯកឧត្តម​ នេ​ត​ សា​វឿ​ន​ ដឹកនាំ​ប្រតិភូ​ចូលរួម​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​ នៅ​រដ្ឋធានី​ហាណូយ​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

(​រដ្ឋធានី​ហាណូយ)​៖​ តប​តាម​ការ​អញ្ជើញ​របស់​ក្រសួង​នគរបាល​វៀតណាម​ និង​ដោយ​ផ្អែក​តាម​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ បាន​ដឹកនាំ​ប្រតិភូ​ ចូលរួម​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​ (ASEANAPOL​ CONFERENCE​ 39th)​ ក្រោម​ប្រធានបទ​ «​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព​»​ នៅ​រដ្ឋធានី​ក្រុង​ហាណូយ​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​ ត្រូវ​បាន​ប្រារព្ធ​បើក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ក​ញ្ញ​ ឆ្នាំ​២០១៩​នេះ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ តូ​ ឡឹម​ រដ្ឋមន្ត្រីក្រសួង​នគរបាល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ និង​មានការ​ចូលរួម​ពី​បណ្តា​សមាជិក​ចំនួន​១០​ប្រទេស​,​ ដៃគូ​ពិភាក្សា​ចំនួន​៧​ប្រទេស​ និង​៣​ស្ថាប័ន​ ព្រមទាំង​អ្នក​សង្កេតការណ៍​ចំនួន​ ២​ប្រទេស​ និង​៤​ស្ថាប័ន​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​បើក​ស​ន្និ​សិ​ទ​អាស៊ាន​ណា​ប៉ូ​ល​លើក​ទី​៣៩​នេះ​ ឯក​ឧត្ត​ តូ​ ឡឹម​ រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម​ បាន​សម្តែង​នូវ​ភក្តីភាព​អបអរ​សារ​ទរ​ចំពោះ​វត្តមាន​គណប្រតិភូ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ ក្នុង​ឱកាស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​លើក​ ទី​៣៩​នា​ពេល​នេះ​ ក្រោម​ប្រធានបទ​ «​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព​»​ ដែល​កាយវិការ​នេះ​បង្ហាញ​អោយ​ឃើញ​ពី​ទំនាក់ទំនង​ល្អ​ កិច្ច​សហប្រតិបត្តិការ​ រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងមូល​។​

​ឯក​ឧត្ត​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​កោតសរសើរ​ផង​ដែរ​ ចំពោះ​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ​ នៃ​បណ្តា​ប្រទេស​ទាំងអស់​ ដែល​រយៈកាល​កន្លង​មក​បាន​រួម​កិច្ចសហការ​គ្នា​យ៉ាង​ល្អ​ និង​ជិត​ស្និទ្ធ​ក្នុង​វិស័យ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ​ ពិសេស​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្ល​ដែន​ អំពើ​ភេរវកម្ម​ ការ​រត់ពន្ធ​ នឹង​អំពើ​ជួញដូរ​ជាដើម​ ។​ ល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​អំពើ​ភេរវកម្ម​ កំពុង​មានការ​គំរាមកំហែង​ពិភពលោក​យ៉ាង​ក្លាំ​ង​ខ្លា​គួរ​អោយ​គត់​សម្គាល់​ ដូច្នេះ​គឺ​ទាមទារ​អោយ​មានការ​សហការ​គ្នា​ជា​រួម​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​ ពិសេស​កងកម្លាំង​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ទាំងអស់​ ត្រូវ​រួម​សហការ​គ្នា​អោយ​បាន​ជាប់​ជា​ប្រចាំ​ ប្រឆាំង​ទប់ស្កាត់​អោយ​បាន​នូវ​រាល់​ការ​ប៉ុនប៉ង​បង្ករ​នូវ​អំពើរ​ភេរវកម្ម​ និង​បទល្មើស​ផ្សេងៗ​ សំដៅ​រួម​សហការ​គ្នា​ធានា​ និង​ការពារ​អោយ​បាន​នូវ​សន្តិសុខ​ សុវត្ថិភាព​នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​ ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក​ទាំងមូល​ផង​ដែរ​។​

​បន្ទាប់​ពី​ប​ព្ចា​ប់​ការ​ប្រារព្ធ​បើក​ស​ន្និ​សិ​ទ​អាស៊ាន​ណា​ប៉ូ​ល​លើក​ទី​៣៩​នោះ​រួច​មក​ គណប្រតិភូ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ ក៏​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ពេញអង្គ​ ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ និង​បទ​ពិសោធន៍​ជុំវិញ​ការ​រួម​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​រក្សា​សន្តិសុខ​ នៅ​ក្នុង​ប្រទេស​ជា​ដៃគូ​ពាក់ព័ន្ធ​ផង​ដែរ​ ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ក៏​បាន​ជ្រើសតាំង​ ឯកឧត្តម​ ត្រាន់​ វ៉ា​ន់​វ៉េ​ អគ្គនាយក​តម្រួត​ស៊ើបអង្កេត​ នៃ​ក្រសួង​នគរបាល​វៀតណាម​ ជា​ប្រធាន​សន្និសីទ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ ជា​អនុប្រធាន​សន្និសីទ​។​

​នា​ឱកាស​នោះ​ ក៏​មានការ​លើក​ឡើង​ និង​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​រយៈកាល​កន្លង​មក​ ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាក់ព័ន្ធ​ និង​បាន​ឯកភាព​គ្នា​បន្ត​នូវ​កិច្ច​សហប្រតិបត្តិការ​នេះ​បន្ត​ទៀត​ ពិសេស​បន្ត​ខិតខំ​ជំរុញ​ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទាន់​ពេលវេលា​ សហការ​ពង្រឹង​សន្តិសុខ​តាម​តំបន់​ព្រំដែន​អោយ​បាន​រឹង​មាំ​ សហការ​បង្ក្រាប​ទប់ស្កាត់​អោយ​បាន​នូវ​រាល់​បណ្តា​បទល្មើស​ខុសច្បាប់​គ្រប់​ប្រភេទ​ បន្ត​ជំរុញ​ចែករំលែក​បទ​ពិសោធន៍​ល្អៗ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ ធានា​ការពារ​អោយ​បាន​នូវ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​ ក៏​ដូច​ជា​សហគមន៍​អាស៊ាន​របស់​យើង​ទាំងមូល​។​

​បន្ទាប់​ពី​កិច្ចប្រជុំ​ពេញអង្គ​ ក៏​មាន​វេទិកា​ប្រធាន​ប្រតិភូ​សមាជិក​អាស៊ាន​ណា​ប៉ូ​ល​ ដើម្បី​អនុម័ត​លើ​របាយការណ៍​របស់​កិច្ចប្រជុំ​គណៈកម្មការ​ប្រតិបត្តិ​ ដើម្បី​អនុម័ត​លើ​ការ​បន្ថែម​ដៃគូ​ពិភាក្សា​ អ្នក​សង្កេតការណ៍​ ការងារ​ថវិកា​ និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន​អាស៊ាន​ណា​ប៉ូ​ល​។​ បន្ទាប់​ពី​វេទិកា​ដៃគូ​រួច​មក​ ក៏​មាន​វេទិកា​ដៃគូ​ពិភាក្សា​ ដែល​ក្នុង​នោះ​ដៃគូ​ពិភាក្សា​ទាំង​ ៧​ប្រទេស​ និង​៣​ស្ថាប័ន​ បាន​លើក​ឡើង​អំពី​អត្ថប្រយោជន៍​ នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ស្ថាប័ន​ខ្លួន​ជាមួយ​តំបន់​អាស៊ាន​ ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​ឧក្រិដ្ឋ​ឆ្លង​ដែន​គ្រប់​ប្រភេទ​។​ ចំណុច​គួរ​កត់សម្គាល់​ក្នុង​ដៃគូ​ពិភាក្សា​នោះ​ផង​ដែរ​ តំណាង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ បាន​ថ្លែង​កោតសរសើរ​ និង​ចាត់​ទុក​កម្ពុជា​ ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ក្នុង​តំបន់​ដោយ​យោង​លើ​ដំ​ណុ​ច​ខ្លាំង​ចំនួន​ ២៖​ ១.​ភាគី​ចិន​បាន​ថ្លែងអំណរគុណ​ដោយ​ក្តី​គោរព​ចំពោះ​សេចក្តីសម្រេច​ចិត្ត​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ ដែល​ការ​សម្រេចចិត្ត​នេះ​បាន​ជួយ​ដល់​ស្ថានភាព​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ មិន​តែ​ក្នុង​ប្រទេស​នោះ​ទេ​ ថែម​ទាំង​ជួយ​ពលរដ្ឋ​ចិន​ជា​ច្រើន​លាន​នាក់​ ដែល​ត្រូវ​បាត់​បង់ខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ផង​ដែរ​។​ ២.​ភាគី​ចិន​បាន​លើក​សរសើរ​នូវ​កិច្ច​សហប្រតិបត្តិការ​ នៃ​កម្លាំង​អនុវត្ត​ច្បាប់​ប្រទេស​ទាំង​ពីរ​ ពិសេស​ប្រតិបត្តិការ​របស់​នគរបាល​ជាតិ​កម្ពុជា​ ក្នុង​ការ​តាម​ចាប់​ឧក្រិដ្ឋជន​ប្រគល់​ជូន​អាជ្ញាធរ​ចិន​វិញ​រាប់​ពាន់​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូ​កម្ពុជា​ ចូលរួម​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​ (ASEANAPOL​ CONFERENCE​ 39th)​ នៅ​រដ្ឋធានី​ហាណូយ​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នា​ល្ងាច​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ និង​ជា​អនុប្រធាន​សន្និសីទ​ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​ ឯកឧត្តម​ តូ​ ឡឹម​ រដ្ឋមន្ត្រីក្រសួង​នគរបាល​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ទាំង​ពីរ​។​

​ក្នុង​ជំនួប​ពិភាក្សា​នោះ​ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​កងកម្លាំង​អនុវត្ត​ច្បាប់​ នៃ​ប្រទេស​ទាំង​ពីរ​នា​ពេល​កន្លង​មក​ ដោយ​ឯកឧត្តម​ តូ​ ឡឹម​ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងមហាផ្ទៃ​វៀតណាម​ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​ ដែល​ភាគី​វៀតណាម​បាន​ចាត់​ទុក​នគរបាល​ជាតិ​កម្ពុជា​ គឺជា​ដៃគូ​ដ៏​ល្អ​មួយ​ដែល​បាន​រួមចំណែក​ក្នុង​ការ​ការពារ​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​ការ​អភិវឌ្ឍន៍​ ដែល​ភាគី​វៀតណាម​មិន​អាច​ខ្វះ​បាន​។​

​ក្នុង​ស្មារតី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ ឯកឧត្តម​ តូ​ ឡឹម​ ក៏​បាន​សន្យា​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​ផ្តល់​បទ​ពិសោធន៍​ ផែនការ​ការពារ​ និង​មធ្យោបាយ​ សម្ភារៈ​ ដែល​ចាំបាច់​សំរាប់​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ និង​SEA​ Game​ នៅ​ឆ្នាំ​ខាង​មុខ​ ព្រមទាំង​បញ្ជូន​ទីប្រឹក្សាបច្ចេកទេស​ ក្នុង​ករណី​ចាំបាច់​ ដើម្បី​ជួយ​គាំទ្រ​ព្រឹត្តិការណ៍​ខាងលើ​នេះ​ផង​ដែរ​។​

​បន្ទាប់​ពី​បាន​ជួប​ ឯកឧត្តម​ តូ​ ឡឹម​ ប្រតិភូ​កម្ពុជា​ ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ទីភ្នាក់ងារ​ជាតិ​ឧក្រិដ្ឋកម្ម​ NCA​ របស់​ ចក្រភព​អង់គ្លេស​ ដោយ​ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ នា​ពេល​កន្លង​ ជា​ពិសេស​ការ​ប្រឆាំង​ការ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​ ហើយ​ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ ជា​ពិសេស​មុខសញ្ញា​ដែល​អាច​បំពាន​ផ្លូវភេទ​លើ​កុមារ​។​ ដោយ​យោង​លើ​កិច្ចសហការ​ល្អ​ភ្នាក់ងារ​ NCA​ ក៏​បាន​ស្នើ​សុំ​ថវិកា​ ដើម្បី​បង្កើត​តំណាង​ប្រចាំការ​នៅ​កម្ពុជា​ និង​បន្ត​ជួយ​បណ្តុះបណ្តាល​ដល់​នគរបាល​កម្ពុជា​ផង​ដែរ​។​

​បន្ទាប់​មក​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ និង​ជា​អនុប្រធាន​សន្និសីទ​ ក៏​បាន​ជួប​ជាមួយ​តំណាង​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ AFP​ ដោយ​ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នា​ពេល​កន្លង​ ជា​ពិសេស​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋកម្ម​ម៉ូតូ​ធំ​ ដែល​សមិទ្ធផល​នៃ​ការ​បង្ក្រាប​នេះ​ នគរបាល​សហព័ន្ធ​អូស្ត្រាលី​ មាន​បំណង​ចង់​យក​ការ​សហការ​នេះ​ ធ្វើ​ជា​គំរូ​សម្រាប់​បទ​បង្ហាញ​ដល់​បណ្តា​ប្រទេស​អាស៊ាន​ នា​អាស៊ាន​ណា​ប៉ូ​ល​លើក​ទី​៤០​ នៅ​ឆ្នាំ​២០២០​ខា​មុខ​នេះ​។​ ភាគី​ទាំង​ពីរ​ ក៏​បាន​ឯកភាព​គ្នា​បន្ត​កិច្ចសហការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​ការ​ផ្លាស់​ប្តូរ​ប្រតិភូ​ ដើម្បី​ដក​ពិសោធន៍​ពី​គ្នា​ផង​ដែរ​។​

​បន្ត​មក​ទៀត​ ប្រតិភូ​កម្ពុជា​ ក៏​បាន​ជួប​ជាមួយ​តំណាង​ FBI​ សហរដ្ឋអាមេរិក​ ដោយ​ភាគី​ FBI​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ស៊ើបអង្កេត​របស់​នគរបាល​ជាតិ​កម្ពុជា​ នា​ពេល​កន្លង​ ដែល​បាន​ចាប់ខ្លួន​ជនសង្ស័យ​អា​មេ​រិ​ក​រត់គេច​ខ្លួន​មក​កម្ពុជា​ ជា​ពិសេស​ FBI​ បាន​ថ្លែងអំណរគុណ​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដែល​បាន​ជួយ​ជ្រោមជ្រែង​អោយ​ក្រុម​ប្រតិបត្តិការ​ ថាស់​ ហ្វ​ស់​ (Task​ Force)​ ដើម្បី​ដំណើរការ​យ៉ាងរ​រលូន​ស្រប​តាម​ខ្លឹមសារ​ MOU​ ដែល​បាន​ចុះហត្ថលេខា​ កាលពី​ខែមេសា​ ឆ្នាំ​២០១៩​ កន្លង​មកនេះ​។​ ភាគី​ FBI​ ក៏​បាន​សន្យា​ទទួល​ប្រតិភូ​កម្ពុជា​ ទស្សនកិច្ច​ដក​ពិសោធន៍​ បញ្ជាការ​ FBI​ សហរដ្ឋអាមេរិក​ ដើម្បី​ស្វែង​យល់​ពី​ផែនការ​ការពារ​ព្រឹត្តិការណ៍​ធំៗ​ របស់​ FBI​ សំរាប់​កម្ពុជា​ ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ និង​SEA​ Game​ និង​សន្យា​បញ្ជូន​ទីប្រឹក្សាបច្ចេកទេស​ FBI​ មក​ជួយ​ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍​ ប្រសិនបើ​កម្ពុជា​ត្រូវការ​។​ ជាមួយ​គ្នា​នោះ​ដែរ​ FBI​ ក៏​បាន​ជម្រាប​ជូន​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ អំពី​ការ​តំឡើង​ចំនួន​សិក្ខាកាម​អន្តរជាតិ​ នៅ​បណ្ឌិត្យសភា​ FBI​ ផង​ដែរ​ ដែល​កន្លង​មាន​ចំនួន​ ២៥​រូប​ ឥឡូវ​ឡើង​ដល់​ ៣៥​រូប​ ហើយ​ FBI​ បាន​សន្យា​ធ្វើ​យ៉ាងណា​ឲ្យ​នគរបាល​កម្ពុជា​ បាន​ចូលរួម​កាន់តែ​ច្រើន​ក្នុង​វគ្គ​នីមួយៗ​ផង​ដែរ​។​

​ ​ជា​ចុង​ក្រោយ​ក្នុង​ជំនួប​ទ្វេភាគី​ រវាង​នគរបាល​ជាតិ​កម្ពុជា​ និង​នគរ​បា​សិង្ហ​បូ​រី​ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ ជា​ពិសេស​ការ​ជួយ​លើ​ការងារ​បណ្តុះបណ្តាល​ លើ​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ និង​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​។​ សិង្ហ​បូ​រី​ ក៏​បាន​រៀបចំ​ទទួល​ប្រតិភូ​កម្ពុជា​ ក្នុង​ការ​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​ដក​ពិសោធន៍​ ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​ និង​SEA​ Game​ ហើយ​សិង្ហ​បូ​រី​ ក៏​ត្រៀម​បញ្ជូន​អ្នកឯកទេស​គ្រប់​ជំនាញ​មក​កម្ពុជា​ ជា​ពិសេស​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បទល្មើស​កាស៊ីណូ​ និង​ការពារ​ព្រឹត្តិការណ៍​ធំៗ​ និង​ជំនាញ​នានា​ ដែល​ភាគី​កម្ពុជា​ត្រូវការ​នា​ពេល​អនាគត់​ផង​ដែរ​។​

​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​លើក​ទី​៣៩​ ក្រោម​ប្រធានបទ​ «​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព​»​ បន្ទាប់​ពី​បាន​ដំណើ​ការ​អស់​រយៈពេល​ពីរ​ថ្ងៃ​នោះ​រួច​មក​ ត្រូវ​បាន​ប្រារព្ធ​បិទ​ នា​ល្ងាច​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ត្រាន់​ វ៉ា​ន់​វ៉េ​ អគ្គ​នាយតម្រួត​ស៊ើបអង្កេត​ ក្រសួង​នគរបាល​វៀតណាម​ និង​ជា​ប្រធាន​សន្ន​សី​ទ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគស្នងការ​នគរបាល​ជាតិ​កម្ពុជា​ និង​ជា​អនុ​ប្រ​ធា​សន្និសីទ​ ដោយ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ព្រមទាំង​ដៃគូ​ពិភាក្សា​ និង​អ្នក​សង្កេតការណ៍​ផង​ដែរ​។​

​នៅ​ក្នុង​ពិធី​បិទ​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​នេះ​ដែរ​ ក៏​មាន​ពិធី​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ ដោយ​ប្រធាន​គណៈប្រតិភូ​អាស៊ាន​ទាំង​ ១០​ប្រទេស​ ស្តី​ពី​ការ​បន្ត​រួម​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងមូល​ក្នុង​ការ​បង្ការ​ បង្ក្រាប​ និង​ទ​ប​ស្កាត់​នូវ​រាល់​បណ្តា​បទល្មើស​ផ្សេងៗ​ផង​ដែរ​។​

​ឯកឧត្តម​ ត្រាន់​ វ៉ា​ន់​វ៉េ​ ក៏​បាន​ប្រគល់​និមិត្តសញ្ញា​អាស៊ាន​ណា​ប៉ូ​ល​ជូន​ភាគី​កម្ពុជា​ ដើម្បី​ជា​និមិត្តរូប​សំរាប់​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ស​ន្និ​សិ​ទ​អាស៊ាន​ណា​ប៉ូ​ល​លើក​ទី​៤០​ នឹង​ប្រារ​ព្វ​ធ្វើ​នៅ​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ នៃ​ស​ន្និ​សិ​ទ​អាស៊ាន​ណា​ប៉ូ​ល​លើក​ទី​៤០​ (ASEANAPOL​ CONFERENCE​ 40th)​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ នៃ​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់​មក​កាន់​កម្ពុជា​ និង​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ផ្ទះ​វៀតណាម​ ដែល​បាន​រៀបចំ​ដំណើរការ​សន្និសីទ​ឆ្នាំ​នេះ​ ប្រកបដោយ​ជោគជ័យ​ និង​កិច្ច​សហប្រតិបត្តិការ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ ដែល​សម្រេច​បាន​ក្នុង​ សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​នេះ​ (ASEANAPOL​ CONFERENCE​ 39th)​។​

​ឯកឧត្តម​អគ្គស្នងការ​ បាន​បញ្ជាក់​ថា​ ក្នុង​នាម​ស្ថាប័ន​អនុវត្ត​ច្បាប់​ យើង​ទាំងអស់​គ្នា​បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ដើម្បី​រក្សា​បាន​នូវ​ ស្ថេ​រ​ភាព​ សន្តិសុខ​ សុវត្ថិភាព​សង្គម​ ស្វែងរក​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​គ្រប់​រូប​។​ ជាក់ស្តែង​ខ្លឹមសារ​ដូច​បាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ ដែល​ទើបបាន​ចុះហត្ថលេខា​ គឺជា​សក្ខីភាព​ និង​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាស៊ាន​ណា​ប៉ូ​ល​ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​ ដើម្បី​សម្រេច​បាន​នូវ​ទស្សនៈវិស័យ​របស់​ខ្លួន​ ដែល​បាន​ដាក់​ចេញ​ក្នុង​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​នេះ​ គឺ​ «​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រក្សា​បាន​នូវ​ចំណង​សាមគ្គីភាព​»​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ អគ្គស្នងការ​នគរបាល​ជាតិ​ ពិតជា​មាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៤០​ (ASEANAPOL​ CONFERENCE​ 40th)​ នា​ឆ្នាំ​២០២០​ ខាង​មុខ​ ដោយ​ខិតខំ​ប្រឹងប្រែង​ និង​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ណា​ប៉ូ​ល​ រៀបចំ​ព្រឹត្តិការ​នេះ​អោយ​ដំណើរការ​បាន​ល្អ​ប្រសើរ​ប្រកបដោយ​ជោគជ័យ​អោយ​សក្តិ​សម​នឹង​ខួប​លើក​ទី​៤០​ឆ្នាំ​ នៃ​ការ​បង្កើត​អាស៊ាន​ណា​ប៉ូ​ល​។​

​សន្និសីទ​អាស៊ាន​ណា​ប៉ូ​ល​ លើក​ទី​៣៩​នេះ​ (ASEANAPOL​ CONFERENCE​ 39th)​ បាន​បញ្ចប់​ឡើង​ដោយ​មាន​ពិធីជប់លៀង​ Gala​ Dinner​ ដោយ​មានការ​ចូលរួម​ពី​ ឯកឧត្តម​អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម​ ផង​ដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com