ACU សុំឲ្យឧត្តមសេនីយ៍ទោ​ យឹម​ ឡាលី​ បំភ្លឺ បន្ទាប់ពីថៅកែកាស៊ីណូ​ ស៊ឹង​ ឈឹង​ ប្តឹងរឿងទាមទារលុយខុសច្បាប់ជាង១ម៉ឺនដុល្លារ

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ បានចេញលិខិតស្នើសុំឲ្យលោកឧត្តមសេនីយ៍ទោ យឹម ឡាលី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ​ បំភ្លឺពាក់ព័ន្ធករណីយកលុយលើសពីច្បាប់កំណត់ ចំនួន ១១,១៩៥ដុល្លារ ពីក្រុមហ៊ុន កាស៊ីណូ​ ស៊ឹង​ ឈឹង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។

យោងតាមលិខិតលេខ ៤២៣/១៩ ដដែលបានបញ្ជាក់ថា ការស្នើសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ យឹម ឡាលី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ នេះធ្វើឡើងបន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យបណ្តឹងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ និងបានប្រជុំពិនិត្យកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបន្ថែមអំពីអង្គហេតុនៃការប្តឹងនៅក្នុងលិខិតថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩លោកឧត្តមសេនីយ៍ទោ យឹម ឡាលី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះទៅពិនិត្យនៅទីតាំង ក្រុមហ៊ុន កាស៊ីណូ​ ស៊ឹង​ ឈឹង ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅពេលចុះទៅពិនិត្យ សត្ថកិច្ចរកឃើញជនបរទេសគ្មានប័ណ្ណការងារចំនួន ៥៧នាក់ និងមានការផាកពិន័យចំនួន ៣ចំណុច សរុប ជាទឹកប្រាក់ ៨,៨០៥ដុល្លារ ប៉ុន្តែលោកឧត្តមសេនីយ៍ទោ យឹម ឡាលី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ បានទទួលប្រាក់ ចំនួន ២០,០០០ដុល្លារ ពីក្រុមហ៊ុន កាស៊ីណូ​ ស៊ឹង​ ឈឹង ដែលលើសពីច្បាប់បានចំណត់រហូតទៅដល់ ១១,១៩៥ដុល្លារ។

ពាក់ព័ន្ធ ករណីនេះ លោកឧត្តមសេនីយ៍ទោ យឹម ឡាលី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ធ្លាប់បានចេញលិខិតជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថាក្រុមការងាររបស់លោកពិតជាទទួលបានលុយចំនួន ២ម៉ឺនដុល្លារពីក្រុមហ៊ុន កាស៊ីណូ​ ស៊ឹង​ ឈឹង ប្រាកដមែន។

លោកឧត្តមសេនីយ៍ទោ យឹម ឡាលី ប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសនៅខេត្តព្រះសីហនុ ទទួលស្គាល់ថា លុយចំនួន ១១,១៩៥ ដុល្លារដែលលោកយកពីក្រុមហ៊ុន កាស៊ីណូ ស៊ឹង ឈឹង នោះគឺជាលុយលើសពីច្បាប់កំណត់មែន ប៉ុន្តែលុយនេះគឺខាងក្រុមហ៊ុន កាស៊ីណូ ឲ្យក្រុមការងាររបស់លោកសម្រាប់ដោះស្រាយលើការចំណាយផ្សេងៗ៕(ឡុក សំរិត)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com