សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ បាន​អញ្ជើញ​ដល់​ប្រទេស​កា​ហ្សា​ក់​ស្ថាន​ ដោយ​សុវត្ថិភាព​

សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ អញ្ជើញ​ដល់​សាធារណរដ្ឋ​កា​ហ្សា​ក់​ស្ថាន​ដោយ​សុវត្ថិភាព​ នៅ​វេលា​ម៉ោង​ ២១​និង​៤០​នាទី​ រាត្រី​ ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​។​

​រដ្ឋសភា​កា​ហ្សា​ក់​ស្ថាន​ដែល​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ បាន​ទទួល​ស្វាគមន៍​សម្តេច​ និង​គណៈប្រតិភូ​យ៉ាង​កក់ក្តៅ​។​ កិច្ចប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤​ នឹង​ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ដោយ​មាន​ប្រតិភូ​ថ្នាក់ដឹកនាំ​សភា​ក្នុង​តំបន់​ទាំង​ពីរ​ ប្រមាណ​៦០​ប្រទេស​ចូលរួម​ ព្រមទាំង​មាន​វត្តមាន​ អង្គការ​អន្តរជាតិ​ និង​អន្តរ​សភា​ជា​ច្រើន​ទៀត​។​

​សម្តេច​ប្រធានរដ្ឋសភា​នឹង​អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ ទៅ​កាន់​កិច្ចប្រជុំ​ផង​ដែរ​។​ ជាមួយ​គ្នា​នេះ​កំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​នេះ​ សម្តេច​គ្រោង​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ប្រធានរដ្ឋសភា​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​ ក្នុង​ការ​ពង្រឹងពង្រីក​វិស័យ​ការទូត​សភា​ ក៏​ដូច​ជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ រឹតចំណង​មិត្តភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី​។​

​សូម​ជម្រាប​ថា​ ប្រជុំ​កម្រិត​ប្រធាន​សភា​អាស៊ី​-​អឺរ៉ុប​ បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ​សភា​ឌូ​ម៉ា​សហព័ន្ធ​រុ​ស្ស៊ី​ និង​រដ្ឋសភា​សាធារណរដ្ឋ​កូរ៉េ​ គឺជា​វេទិកា​អន្តរ​សភា​ដ៏​មាន​សារៈសំខាន់​ ដែល​ថ្នាក់ដឹកនាំ​សភា​ទាំង​ពីរ​តំបន់​ជួប​ពិភាក្សា​ លើ​ប្រធានបទ​សំខាន់ៗ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​រួម​។​ បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ី​និង​អឺរ៉ុប​។​ ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់​ ក្នុង​ការ​ការពារ​ផលប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សុខុមាលភាព​សង្គម​នៅ​ក្នុង​តំបន់​ក៏​ដូច​ជា​ពិភពលោក​ទាំងមូល​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com