កិច្ចប្រជុំ​កំពូល​ស្ដី​ពី​កាក​សំណល់​នៅ​កម្ពុជា​ រៀម​ចំ​ដោយ​មូលនិធិ​អា​ល្លឺ​ម៉​ង់​ (KAS)​ ក្រុម​ធុរកិច្ច​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​ (ADW)​ និង​អង្គការ​កែ​ច្នៃ​សំរាម​ និង​ការ​សិក្សា​នៅ​កម្ពុជា​ (COMPED)

(​ភ្នំពេញ)​៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ការ​គ្រប់គ្រង​កាក​សំណល់​គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​ ការ​ពង្រីក​ទីក្រុង​យ៉ាង​ឆាប់រហ័ស​ និង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ រួម​ជាមួយនឹង​ការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​របស់​ប្រជាជន​ដែល​មាន​កម្រិតជីវភាព​មធ្យម​ និង​ខ្ពស់​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​ នៅ​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​ បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិមាណ​កាក​សំណល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ជា​រៀងរាល់ថ្ងៃ​ គ្រាន់តែ​រាជធានី​ភ្នំពេញ​មួយ​បាន​បង្កើត​ឱ្យ​មាន​កាក​សំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី​២,០០០​ ទៅ​ដល់​ ៣,០០០​តោន​ ដែល​ក្នុង​នោះ​មាន​៦០០​តោន​ គឺជា​កាក​សំណល់​ប្លា​ស្ទិ​ក​។​ ប្រទេស​កម្ពុជា​ទាំងមូល​បាន​បង្ក​ឱ្យ​មាន​កាក​សំណល់​ជាង​១០,០០០​ តោន​ជា​រៀងរាល់ថ្ងៃ​ ឬ​ច្រើន​ជាង​៣.៦​លាន​តោន​នៅ​ក្នុង​មួយ​ឆ្នាំ​។​ កំណើន​នៃ​ការ​បង្ក​កាក​សំណល់​នេះ​រួម​មាន​កាក​សំណល់​គ្រប់​ប្រភេទ​ទាំងអស់​ ពោល​គឺ​កាក​សំណល់​រឹង​ទីក្រុង​ កាក​សំណល់​ឧស្សាហកម្ម​ កាក​សំណល់​គ្រោះថ្នាក់​ កាក​សំណល់​សំណង់​ និង​កាក​សំណល់​ពី​ការ​វាយ​កម្ទេច​អគារ​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​។​ ជា​ទូទៅ​ បញ្ហា​នៅ​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​មាន​ដូច​ជា​ កង្វះខាត​ ការ​ប្រមូល​កាក​សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព្រឹត្ត​កម្ម​ បច្ចេកទេស​ ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​បុគ្គលិក​ ក៏​ដូច​ជា​គោលនយោបាយ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​។​ កាក​សំណល់​ដែល​ចេះ​តែ​មាន​ចំនួន​កើនឡើង​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ និង​បរិស្ថាន​ដែល​ត្រូវ​បាន​លើក​ឡើងជា​រឿយៗ​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​ និង​បណ្ដាញ​សង្គម​នានា​។​

​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​កាក​សំណល់​នៅ​កម្ពុជា​ឆ្នាំ​២០១៩​ កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ គឺជា​ការ​ជួបជុំ​អង្គ​ប្រតិបត្តិ​ពី​ សហគមន៍​ធុរកិច្ច​កម្ពុជា​ អ្នក​រៀបចំ​គោលនយោបាយ​ និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ ព្រមទាំង​អង្គការ​បរិស្ថាន​និង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ផង​ដែរ​។​ កិច្ចប្រជុំ​កំពូល​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​មូលនិធិ​អា​ល្លឺ​ម៉​ង់​ Konrad-Adenauer-Stiftung​ (KAS)​ ក្រុម​ធុរកិច្ច​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​ (ADW)​ និង​អង្គការ​កែ​ច្នៃ​សំរាម​ និង​ការ​សិក្សា​នៅ​កម្ពុជា​ (COMPED)​។​ គោលដៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​គឺ​ដើម្បី​បង្កើត​កិច្ច​ពិភាក្សា​ដែល​លើកទឹកចិត្ត​ឱ្យ​មាន​ភាព​ជា​ដៃគូ​រវាង​អ្នក​ដោះស្រាយ​បញ្ហា​វិស័យ​សាធារណៈ​ និង​ផ្នែក​ឯកជន​ វិនិយោគិន​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​វិស័យ​នេះ​។​ អ្នកចូលរួម​ជាង​៣០០​នាក់​បាន​ចុះ​ឈ្មោះ​ចូលរួម​នៅ​ក្នុង​កម្មវិធី​នេះ​ ហើយ​ក៏​មានការ​ចូលរួម​ពី​អ្នក​រៀបចំ​ពិ​ព័ណ៌​ចំនួន​២៥​ នាក់​ផង​ដែរ​។​

​លោក​បណ្ឌិត​ Daniel​ Schmücking​ ជានា​យក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​ខុន​រ៉ា​ដ​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​មាន​ក្ដី​សោមនស្ស​យ៉ាង​ខ្លាំង​ដែល​អាច​បង្កើត​កម្មវិធី​ជួបជុំ​មនុស្ស​ជា​ច្រើន​ដើម្បី​លើក​ឡើង​អំពី​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​នេះ​ ដែល​នេះ​ជា​ការ​សបញ្ជាក់​ថា​ កាក​សំណល់​គឺជា​ប្រធានបទ​ដែល​ធ្វើ​ឱ្យ​យើង​ទាំងអស់​គ្នា​មានការ​ព្រួយបារម្ភ​ហើយ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​ដែល​នឹង​ជួយ​កែ​លម្អ​បរិស្ថាន​ និង​សង្គម​របស់​យើង​ទាំងមូល​”​។​

​លោក​បាន​ថ្លែង​បន្ថែម​ថា​ “​ខ្ញុំ​សង្ឃឹមថា​ យើង​អាច​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ជោគជ័យ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ស្ដី​ពី​ការ​គ្រប់គ្រង​កាក​សំណល់​។​ យើង​មានឱកាស​ជា​ច្រើន​ដើម្បី​សម្រេច​កិច្ចការ​នេះ​។​”

​កម្មវិធី​នេះ​ធ្វើ​នៅ​ The​ FACTORY​ ភ្នំពេញ​ ដែល​មាន​វាគ្មិន​មួយ​ចំនួន​មក​ពី​រដ្ឋបាល​សាធារណៈ​សង្គម​ស៊ី​វិល​ ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច​ចែករំលែក​បទ​ពិសោធន៍​ និង​គំនិត​របស់​ខ្លួន​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​ និង​ការ​ពិភាក្សា​តុមូល​។​ ប្រធានបទ​គឺ​ស្ដី​អំពី​ចក្ខុវិស័យ​សម្រាប់​ការ​គ្រប់គ្រង​កាក​សំណល់​ប្រកបដោយ​ប្រសិទ្ធភាព​ ដំណោះស្រាយ​កាក​សំណល់​ប្រកបដោយ​ជោគជ័យ​ និង​មាន​ភាព​ច្នៃប្រឌិត​របស់​ប្រទេស​កម្ពុជា​ ព្រមទាំង​ការ​ចែករំលែក​បទ​ពិសោធន៍​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ និង​កែ​ច្នៃ​កាក​សំណល់​។​ ប្រទេស​អា​ល្លឺ​ម៉​ង់​ត្រូវ​បាន​ចាត់ទុកជា​ប្រទេស​ឈានមុខ​គេ​លំដាប់​អន្តរជាតិ​នៅ​ក្នុង​ការ​គ្រប់គ្រង​ និង​កែ​ច្នៃ​កាក​សំណល់​ប្រកបដោយ​ជោគជ័យ​ ហើយ​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​មួយ​ចំនួន​កំពុង​ដំណើរការ​អាជីវកម្ម​នៅ​ក្នុង​វិស័យ​គ្រប់គ្រង​កាក​សំណល់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

​អ្នកចូលរួម​ក៏​មានឱកាស​ ឆ្លើយ​សំណួរ​ ចម្លើយ​ ក្នុង​កិច្ច​ពិភាក្សា​ទាំងឡាយ​ ដែល​មាន​ក្នុង​កិច្ចប្រជុំ​កំពូល​ តាម​រយៈ​ការ​លើក​ជា​សំណួរ​ផ្សេងៗ​។​ ក្រៅពី​នេះ​ កិច្ច​ពិភាក្សា​នេះ​ផ្ដល់​នូវ​ឱកាស​ទំនាក់ទំនង​ដើម្បី​ជួប​ជាមួយនឹង​ដៃគូ​សក្ដានុពល​ ហើយនឹង​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​ដំណោះស្រាយ​បែប​ទំនើប​ ការ​ច្នៃប្រឌិត​ និង​កម្មវិធី​ផ្សេងៗ​ពី​អ្នក​រៀបចំ​ពិ​ព័ណ៌​ជា​ច្រើន​នាក់​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ​។​

​មូលនិធិ​ Konrad-Adenauer-Stiftung​ (KAS)​ ក្នុង​ប្រទេស​កម្ពុជា​គឺជា​មូលនិធិ​នយោបាយ​ ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ សហភាព​ប្រជាធិបតេយ្យ​គ្រី​ស្ទា​ន​អា​ល្លឺ​ម៉​ង់​ (CDU)​។​ ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​ CDU​ និង​ជា​ អធិការបតី​នៃ​សាធារណៈរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ Konrad​ Adenauer​ (1876-1967)​ បាន​ធ្វើការ​បង្រួបបង្រួម​ប្រពៃណី​សង្គម​គ្រី​ស្ទា​ន​ បែប​អភិរក្ស​ និង​សេរីនិយម​។​ មូលនិធិ​ខុន​រ៉ា​ដ​ (KAS)​ បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤​ មក​ម្ល៉េះ​ ដោយ​ខិតខំ​ជួយ​ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ជំរុញ​កិច្ច​ពិភាក្សា​ កសាង​បណ្ដាញ​ និង​លើកកម្ពស់​គម្រោង​វិទ្យាសាស្ត្រ​ផ្សេងៗ​។​ តាម​រយៈ​ដំណើរការ​នេះ​ មូលនិធិ​ធ្វើ​ កិច្ចការ​ឆ្ពោះទៅ​បង្កើត​បរិយាកាស​ដែល​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​។​ គ្រប់​កម្មវិធី​ទាំងអស់​ត្រូវ​បាន​ផ្ដួចផ្ដើម​ និង​អនុវត្ត​ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​កម្ពុជា​នៅ​កម្រិត​មជ្ឈិម​ និង​ថ្នាក់​ក្រោម​ជាតិ​។​

COMPED​ គឺជា​អង្គការក្រៅរដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០​ និង​ត្រូវ​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​ឆ្នាំ​២០០៣​។​ គោលបំណង​ចម្បង​របស់​អង្គការ​នេះ​មាន​ដូច​ខាងក្រោម​៖
•​ ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កាក​សំណល់​ ការ​សង្គ្រោះ​
​បរិស្ថាន​ និង​ការ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​រយៈ​ការ​កាត់​បន្ថយ​បរិមាណ​កាក​សំណល់​សរីរាង្គ​ដែល​បាន​បោះចោល​ទៅ​ក្នុង​ទីតាំង​ចាក់សំរាម​ដោយ​ជំរុញ​ការ​អនុវត្ត​
​វិធីសាស្ត្រ​ជី​កំ​ប៉ុ​ស្ត​។​
•​ ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជាមួយ​កសិករ​នៅ​ក្នុង​ការ​បង្កើន​គុណភាព​ដី​កសិកម្ម​ និង​បង្កើន​បរិមាណ​ និង​គុណភាព​ផលិតផល​កសិកម្ម​តាម​រយៈ​ការ​ប្រើប្រាស់​ជី​កំ​ប៉ុ​ស្ត​។​
•​ ​ផ្ដល់​ឱកាស​អប់រំ​បន្ថែម​សម្រាប់​កុមារ​ និង​យុវជន​ក្រីក្រ​ និង​ជួប​ការ​លំបាក​តាម​រយៈ​កម្មវិធី​ឪពុក​ម្ដាយធម៌​។​

​ក្រុម​ធុរកិច្ច​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​ (ADW)ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០១​ សម្រាប់​សកម្មភាព​ធុរកិច្ច​អា​ល្លឺ​ម៉​ង់​ ព្រមទាំង​ដើម្បី​ផ្លាស់​ប្ដូរ​ព័ត៌មាន​រវាង​សមាជិក​របស់​ខ្លួន​ និង​ធុរកិច្ច​ក្នុង​ប្រទេស​ និង​អន្តរជាតិ​ដែល​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​ ចំណែក​ក្រុមហ៊ុន​ដែល​កំពុង​គិតគូរ​អំពី​ការ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ អត្ថប្រយោជន៍​ពី​បណ្ដាញ​ក្នុង​ និង​ខាងក្រៅ​របស់​ ADW​។​ នៅ​ក្នុង​ឆ្នាំ​2011​ ADW​ បាន​ចូលរួម​ផ្ដួចផ្ដើម​ដំណើរការ​បង្កើត​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​2013​ បាន​ជាប់​ឆ្នោត​ជា​សាខា​ថ្នាក់​ជាតិ​ដំបូង​គេ​ដែល​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​សភាពាណិជ្ជកម្ម​អឺរ៉ុប​។​ បច្ចុប្បន្ន​ ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ចំនួន​ជាង​ 30​ ដែល​សមាជិក​របស់​ក្រុម​ធុរកិច្ច​នេះ​ ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com