វិភាគៈ កងទ័ពអាមេរិកវាយឆ្មក់សម្លាប់កូនប្រុសសំណព្វអតីតមេភេរវករ ប៊ីនឡាដិន នៅអាហ្វហ្កានិស្ថាន

ប្រព័ន្ធផ្សព្វផ្សាយបរទេសនានានៅជុំវិញពិភពលោក បានចុះផ្សាយព្រោងព្រាតនូវសេចក្តីប្រកាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្តីអំពីកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានបើកប្រតិបត្តិការវាយឆ្មក់ទៅលើទីជម្រកលាក់ខ្លួនរបស់ក្រុមភេរវជន នៅជាប់ព្រំដែនរវាងប្រទេសអាហ្វហ្កានិស្ថាន និងប៉ាគិស្ថាន ។

លោក ត្រាំ បានថ្លែងថា ប្រតិបត្តិការប្រឆាំងភេរវនិយមរបស់កងទ័ពអាមេរិក បានសម្លាប់កូនប្រុសសំណព្វរបស់លោក អូសាម៉ា ប៊ីនឡាដិន (Oussama bin Laden) ឈ្មោះ ហាំសា ប៊ីនឡាដិន (Hamza bin Laden) អាយុ៣០ឆ្នាំ ដែលកើតកាលពីឆ្នាំ១៩៨៩ និងអាចជាអ្នកស្នងតំណែងជាប្រធានអង្គការភេរវកម្មពិភពលោក អាល់កៃដា នៅពេលខាងមុខ ។

សូមបញ្ជាក់ជូនថា អូសាម៉ា ប៊ីនឡាដិន គឺជាអតីតប្រធានអង្គការភេរវកម្ម អាល់កៃដា ដែលបានរៀបចំផែនការវាយប្រហារភេរវកម្ម ដោយបើកបរយន្តហោះដឹកអ្នកដំណើរបំបុកអគារពាណិជ្ជកម្មពិភពលោកនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១កន្លងទៅ ដែលបណ្តាលអោយមនុស្សជិត៣០០០នាក់ បានបាត់បង់ជីវិត ។

សូមរំលឹកជូនថា កាលពីខែកក្កដាឆ្នាំដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក រួមទាំងប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន បានចុះផ្សាយព្រោងព្រាតដែរ អំពីការបាត់បង់ជីវិតរបស់កូនប្រុសសំណព្វមេភេរវករ ហាំសា ប៊ីនឡាដិន នេះដែរ ប៉ុន្តែវាមិនមែនជាការពិតទេ ហើយសេចក្តីប្រកាសរបស់លោក ត្រាំ នៅពេលនេះអាចជាការពិត ប៉ុន្តែអាមេរិកមិនបានបង្ហាញវត្ថុតាងនានាពាក់ព័ន្ធនឹងសេចក្តីប្រកាសពីការស្លាប់របស់ហាំសា ប៊ីនឡាដិន នេះទេ ។

គេនៅតែមិនអស់ចិត្តនៅត្រង់ថា សេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ ស្តីពីការបាត់បង់ជីវិតរបស់កូនប្រុសសំណព្វចិត្តអតីតមេភេរវករ ហាំសា ប៊ីនឡាដិន ប្រធានាធិបតីអាមេរិករូបនេះ មិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នៃប្រតិបត្តិការប្រឆាំងភេរវកម្មរបស់កងទ័ពអាមេរិកទេ ដោយគ្រាន់តែលើកឡើងថា ប្រតិបត្តិការនេះ បានសម្លាប់កូនប្រុសសំណព្វចិត្តរបស់អតីតមេភេរវនិយម ។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសិទកាសែតថា ការបាត់បង់ ហាំសា ប៊ីនឡាដិន មិនត្រឹមតែជាការដកហូតសិទ្ធិអំណាចរបស់កូនប្រុសមេភេរវកររូបនេះចេញពីអង្គការភេរវកម្មពិភពលោកប៉ុណ្ណោះទេ វាក៏ជាការកាត់ផ្តាច់ផងដែរនូវទំនាក់ទំនងជានិមិត្តរូបពីសពឪពុករបស់គេ ហើយក៏ជាការបង្កមហន្តរាយដល់សកម្មភាពប្រតិបត្តិការសំខាន់ៗរបស់អង្គការភេរវកម្មនៅពេលខាងមុខ ។

លោក ត្រាំ បានបញ្ជាក់ទៀតថា ហាំសា ប៊ីនឡាដិន បានរៀបចំផែនការវាយប្រហារភេរវកម្មជាច្រើនលើក និងបានធ្វើការងារជាមួយក្រុមភេរវនិយមផ្សេងៗទៀតនៅជុំវិញពិភពលោក ក្នុងគោលដៅវាយប្រហារភេរវកម្ម ដោយកូនប្រុសសំណព្វចិត្តរបស់មេភេរវកររូបនេះ នៅតែមានឥទ្ធិពល និងទទួលបានការគោរពពីក្រុមភេរវជន ក៏ដូចជាអង្គការភេរវកម្មមួយចំនួនទៀត ។
ហាំសា ប៊ីនឡាដិន អាយុ៣០ឆ្នាំ និងជាកូនទី១៥នៃប្រព័ន្ធទី០៣របស់អតីតប្រធានអង្គការភេរវកម្ម អាលក់កៃដា អូសាម៉ា ប៊ីនឡាដិន ហើយក៏ជាកូនសំណព្វចិត្តរបស់អតីតមេភេរវកររូបនោះផងដែរ ដែលហាំសា ប៊ីឡាដិន គឺជាអ្នកស្នងតំណែងជាប្រធានអង្គការភេរវកម្ម អាលក់កៃដា ចាប់តាំងពីឪពុករបស់គេ គឺអូសាម៉ា ប៊ីនឡាដិន នៅរស់រានមានជីវិតម្លេះ ។

ក្រោយពីឪពុករបស់គេ គឺអូសាម៉ា ប៊ីនឡាដិន ត្រូវបានសម្លាប់ដោយកងកុម្មង់ដូពិសេសអាមេរិកនៅប៉ាគិស្ថាន អាមេរិកបានដាក់ឈ្មោះ ហាំសា ប៊ីឡាដិន ទៅក្នុងបញ្ជីខ្មៅនៃក្រុមមេដឹកនាំកំពូលរបស់ក្រុមភេរវករនៅលើពិភពលោក និងប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់១លានដុល្លារចំពោះជនណា ឫក្រុមណាមួយ ដែលផ្តល់ព័ត៌មានពិតប្រាកដពីទីតាំងលាក់ខ្លួនរបស់ ហាំសា ប៊ីឡាដិន ។

ក្រសួងការបរទេសអាមេរិក ធ្លាប់បានប្រកាសថា ហាំសា ប៊ីឡាដិន កើតនៅប្រទេសអារ៉ាប៊ី សាអូឌីត កាលពីឆ្នាំ១៩៨៩កន្លងទៅ ហើយកូនប្រុសរបស់មេភេរវជនរូបនេះ ធ្លាប់បានសរសេរលិខិតផ្ញើរទៅកាន់ឪពុករបស់ខ្លួនកាលពីឆ្នាំ២០០៩កន្លងទៅ ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយអង្គការភេរវកម្មអាល់កៃដា ដែលនឹងស្នងតំណែងពីឪពុក ។

សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ អង្គការភេរវកម្មអាល់កៃដា ដឹកនាំដោយលោក អៃមែន អាល់ សាវ៉ាហ៊ិរី (Ayman al Zawahiri) ដែលជាមិត្តភក្តិជិតស្និទ្ធជាមួយលោក អូសាម៉ា ប៊ីនឡាដិន គឺមិនមែនដឹកនាំដោយ ហាំសា ប៊ីនឡាដិន នោះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com