ឯកឧត្ដម តូច ប៉ូលីវ៉ា៖ ៤ចំណុចដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមនៅខេត្តស្វាយរៀង

(ស្វាយរៀង)៖ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ។

ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានសាខា ប.ស.ស ខេត្តស្វាយរៀង លោកប្រធានការិយាល័យតាវកាលិក នៃ ប.ស.ស លោក លោកស្រីអភិបាលរងស្រុក ក្រុងទាំង៨ លោក លោកស្រីតំណាង មន្ទីរ អង្គភាព ស្ថាប័នចំណុះរដ្ឋបាលសាលាខេត្ត ក្រុង/ស្រុក មូលដ្ឋានសុខាភិបាល និងស្រុក លោក លោកស្រី អ្នកនាង កញ្ញា ជាម្ចាស់ សហគ្រាស គ្រឹះស្ថាន រោងចក្រជាច្រើនរូបទៀត។

ឯកឧត្តម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា៖ ដើម្បីជម្រុញពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សំដៅបង្កើនប្រសិទ្ធភាពស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវ « យុទ្ធសាស្រ្តជាតិ គាំពារសង្គមសម្រាប់ជនក្រីក្រនិងជនងាយរងគ្រោះ» ដើម្បីធានារ៉ាប់រងសន្តិសុខសង្គម ដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងបរិបថដែលប្រទេសកម្ពុជាមានការរីកចំរើន លើគ្រប់វិស័យដោយបានផ្តល់នូវការគាំពារសង្គម សម្រាប់ប្រជាជនកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានផ្ដល់ចំណុចសំខាន់ៗដូចខាងក្រោម៖

១- ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ សូម ប.ស.ស ខិតខំអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងថែទាំសុខភាព ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីធានាផ្តល់សេវាឲ្យមានប្រសិទ្ធភាព តាម រយៈការផ្តល់ឱកាសឲ្យនិយោជក ចូលរួមកិច្ចប្រជុំយ៉ាងតិច ១ឆ្នាំ ១ដង សម្រាប់ ជាមូលដ្ឋា ន ផ្សព្វ ផ្សា យ ដល់ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករ និយោជិត ឲ្យយល់ពីសិទ្ធិរបស់ខ្លួន។

២- និយោជក នាយក ម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងអស់ សូមចូលរួមអនុវត្តច្បាប់ស្តីពី របបសន្តិសុខសង្គមសម្រាប់ ជន ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទាន បានទាន់ពេលវេលាសម្រាប់របបធានារ៉ាប់រងហានិភ័យការងារ និងរបបធានារ៉ាប់រងសុខភាពដើម្បីកុំឲ្យបាត់បង់ ដល់ អត្ថប្រយោជន៍របស់កម្មករនិយោជិត។

៣- គ្រប់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ជម្រុញពង្រឹង និងអនុវត្តតួនាទីរបស់ខ្លួនក្នុងការផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋ ឱ្យមានគុណភាពប្រសិទ្ធភាព និងទាន់ពេលវេលា។

៤- សូមឲ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអង្គភាពបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យមានការរីកចំរើន និងភាពសុខដុមរមនា ៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com