កីឡាករ កីឡាការិនីជាង៣០០នាក់ចូលរួមប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញាសុខ អានលើកទី៧

(ភ្នំពេញ)៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩ បានដំណើរការជាផ្លួវការកាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ។ តាមការគ្រោងទុក ការប្រកួតនេះនឹង បញ្ចប់នៅថ្ងៃស្អែក។

គណៈកម្មការរៀបចំការប្រកួតបានប្រាប់ឱ្យដឹងថា ព្រឹត្តិការណ៍នេះមានក្លិបចូលរួមសរុបចំនួន៣៦ ដោយមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣៦១នាក់ ក្នុងនោះមានកីឡាករ ២៤៩នាក់ និងកីឡាការិនី ៦០នាក់។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានបង្កើតឡើងក្រោមការជ្រោមជ្រែង និងឧបត្ថម្ភផ្ទាល់ពីក្រុមគ្រួសាររបស់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរំលឹកដល់គុណូបការៈរបស់សម្តេច ដែលជាស្ថាបនិក និងបានចូលរួមអភិវឌ្ឍន៍កីឡាប៊ូល និងប៉េតង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបាននេះហើយ ទើបបង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនដល់យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ។ ជាលទ្ធផលរហូតដល់ពេលនេះ ក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតលើឆាកអន្តរជាតិទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោក បានទទួលមេដាយសរុប២៦៨គ្រឿង ក្នុង នោះមេដាយមាស ៧២ ប្រាក់៩៣ សំរឹទ្ធ ១០៣គ្រឿង។

ឯកឧត្តមបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ និងទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចវិបុលបញ្ញា សុខ អាន បានបង្កើតឲ្យមានយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០២៣ ខាងមុខនេះ។ រាជរដ្ឋាភិបាលតែឯងមិនអាចសម្រេចទិសដៅនៃ SEA GAMES ឆ្នាំ ២០២៣នេះឡើយ ដូច្នេះសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺជាកម្លាំងស្នូលក្នុងការរៀបចំផែនការរបស់ខ្លួន ដោយសហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងធ្វើការជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសប្រតិភូដែលមានវត្តមាននៅទីនេះ ក៏ជាអ្នកសំខាន់ក្នុងការសម្រេចទិសដៅនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com