ឥណ្ឌូនេស៊ី​បង្ហាញពីបំណងពង្រីកអាជីវកម្ម ការវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា

(ភ្នំពេញ​)៖​ ជាមួយនឹងបទពិសោធន៍នៃការវិនិយោគ និងធ្វើពាណិជ្ជកម្មផ្លូវដែករបស់ឥណ្ឌូនេស៊ីជាមួយប្រទេសថៃ ម៉ាឡេស៊ី ឡាវ បង់ក្លាដេស និងអាព្រិក ឯកឧត្តមរដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ីបានសម្តែងនូវបំណងពង្រីកនូវអាជីវកម្ម និងវិនិយោគលើវិស័យផ្លូវដែក និងកំពង់ផែនៅកម្ពុជា ព្រោះប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋដ៏ធំផលិតនូវទូ និងក្បាលរថភ្លើង ដែករ៉ៃ និងគ្រឿងបង្គុំផ្សេងៗ សម្រាប់បម្រើឲ្យការលើកកម្រិត និងសាងសង់ផ្លូវដែក។ ចំពោះកំពុងផែវិញ ប្រទេសឥណ្ឌូនេស៊ីមានរោងចក្ររដ្ឋធំៗផលិតនាវា គ្រឿងឧបករណ៍សម្ភារៈបរិក្ខាកំពង់ផែ។

នេះបេីតាមការឲ្យដឹងនៅក្នុងពិធីពិសារអាហារពិភាក្សាការងារ (Working Dinner) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីដឹកជញ្ជូន នៃប្រទេសទាំងពីរកម្ពុជា​-ម៉ាឡេស៊ី​ នាឱកាសដែលឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងកំពង់ផែ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញពីគម្រោងលើកកម្រិតផ្លូវដែករបស់កម្ពុជា ដែលមានស្រាប់ និងគម្រោងសាងសង់ផ្លូវដែកថ្មី ព្រមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែរបស់កម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ដល់បំណងធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគរបស់ឥណ្ឌូនេស៊ីនៅកម្ពុជា និងបានលើកទឹកចិត្តឲ្យភាគីឥណ្ឌូនេស៊ី មកសិក្សានិងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យពាក់ព័ន្ធមួយចំនួនទៀត រួមទាំងពាណិជ្ជកម្មស្រូវអង្ករផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ ក៏បានស្នើរដ្ឋាភិបាលឥណ្ឌូនេស៊ីពិចារណាឡើងវិញ លើការទិញអង្ករពីប្រទេសកម្ពុជា ដែលភាគីទាំងពីរបានចុះអនុស្សរណៈជាមួយគ្នា កាលពីឆ្នាំ២០១២ កន្លងមក។ ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្រ្តីដឹកជញ្ជូនឥណ្ឌូនេស៊ី បានសន្យាពាំនាំនូវសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ជូនក្រសួងមានសមត្ថភាពពិចារណា ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង