សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៦ ​នៅ​វត្ត​មុន្នី​ប្រសិទ្ធី​វង្ស​

(​ភ្នំពេញ​)៖​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៦​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អមដំណើរ​ដោយ​សមាជិក​ សមាជិកា​ព្រឹទ្ធសភា​ ឯកឧត្តម​ លោក​ជំទាវ​ជាទី​ប្រឹក្សា​ និង​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ព្រម​ទាង​ពុទ្ធបរិស័ទ​ បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៦​ នៅ​វត្ត​មុន្នី​ប្រសិទ្ធី​វង្ស​ (​វត្ត​ព្រែក​ព្នៅ​)​ ស្ថិត​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ តាម​គន្លង​ប្រពៃណី​និង​សាសនា​។​

​សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ បាន​អញ្ជើញ​រាប់បាត្រ​ ប្រគេន​ទេយ្យទាន​ និង​បច្ច័យ​ចំពោះ​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ និង​សម្រាប់​ការ​សាងសង់​សមិទ្ធផល​នានា​ ក្នុង​វត្ត​មុន្នី​ប្រសិទ្ធី​វង្ស​ ដោយ​សទ្ធា​ជ្រះថ្លា​ជាទី​បំផុត​។​

​សម្តេច​ប្រមុខរដ្ឋ​ស្តីទី​ បាន​ឧទ្ទិស​កុសលផល​បុណ្យ​ដែល​កើត​មាននៅ​ក្នុង​ឱកាស​នេះ​ ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ និង​លោក​ជំទាវ​ ញ៉ែ​ម​ សឿ​ន​ ព្រមទាំង​បុព្វការី​ជន​ វីរៈជន​ស្នេហា​ជាតិ​ទាំងអស់​ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ បាន​ជួប​តែ​បរមសុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​ ជាមួយ​គ្នា​នេះ​ សម្តេច​បាន​បួងសួង​ចំពោះ​ព្រះ​រតនត្រ័យ​ សូម​ឱ្យ​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​ ជួប​តែ​សេចក្តីសុខ​ និង​ការ​រីក​ចម្រើន​ ជា​រៀង​រហូត​ទៅ​ ៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com