​អាមេរិក​៖ ការវាយប្រហាររោងចក្រប្រេង​អារ៉ាប៊ីសាអូឌីតពីសំណាក់អ៊ីរ៉ង់ជា«សកម្មភាពបង្កសង្គ្រាម»

(អាមេរិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផុមភីអូ កាលពីថ្ងៃពុធបានហៅការវាយប្រហារទៅលើរោងចក្រប្រេងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតថាជា«សកម្មភាពបង្កសង្គ្រាម»ប្រឆាំងអារ៉ាប៊ីសាអូឌីតពីសំណាក់ប្រទេសអ៊ីរ៉ង់។

លោក ផុមភីអូ បានថ្លែងដូច្នេះក្នុងជំនួបជាមួយព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីនសាលម៉ាន់។ ហើយលោកក៏បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់អាមេរិកចំពោះអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីមានការវាយប្រហារទៅលើរោងចក្រប្រេងក្នុងអារ៉ាប៊ីសាអូឌីតកាលពីពេលថ្មីៗកន្លងទៅ។

​ទន្ទឹមនឹងនោះអារ៉ាប៊ីសាអូឌីតក៏បានបង្ហាញបំណែកមីស៊ីលនិងយន្តហោះដ្រូននិងបានលើកឡើងពីព័ស្ដុតាងផ្សេងទៀតដែលចង្អុលបង្ហាញថាការវាយប្រហារនោះត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់។

រីឯអ៊ីរ៉ង់វិញដែលបានប្រកាសបដិសេធថាមិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះបានព្រមានអាមេរិកថាខ្លួននឹងសងសឹកភ្លាមៗប្រសិនបើអ៊ីរ៉ង់ក្លាយជាគោលដៅវាយប្រហារ។

សូមជម្រាបថាក្រុមឧទ្ទាមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារទៅលើរោងចក្រប្រេងនៅអារ៉ាប៊ីសាអូឌីតដោយបានប្រកាសថាការវាយប្រហារនោះគឺជាការឆ្លើយតបទៅនឹងសង្គ្រាមដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com