សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ កន់ យ៉ាង និងជួបជាមួយស្ថាបនិកមូលនិធិអប់រំ កន់យ៉ាង នៃប្រទេសកូរ៉េ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត វន់ ម៉ុកលី (Won Meok Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង និងលោកបណ្ឌិត ហ៊ី សូគីម (Hee Soo Kim) ស្ថាបនិកមូលនិធិអប់រំ កន់ យ៉ាង នៃប្រទេសកូរ៉េ។

នៅក្នុងជំនួបនេះលោកបណ្ឌិត វន់ ម៉ុកលី បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកធ្លាប់មកកាន់ប្រទេសកម្ពុជាម្ដងរួចមកហើយ កាលពី១០ឆ្នាំមុន ហើយក៏បានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ នាពេលនោះ។

លោកបណ្ឌិតបានអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។

លោកបណ្ឌិត​ បានជម្រាបជូនសម្តេចតេជោថា កាលពីម្សិលមិញនេះ លោកបានអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរពេទ្យព្រះអង្គឌួង ជាពិសេសនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្យាបាលជំងឺភ្នែក ដែលជួយដោយប្រទេសកូរ៉េ តាមរយៈអង្គការកូយការ (KOICA)។ ក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ ដោយសារកន្លងមកមានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យរបស់គាត់ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបណ្ឌិតក៏បានជម្រាបជូនសម្តេចតេជោថា កន្លងមក លោកបានជួយដល់ការងារផ្នែកសុខាភិបាលច្រើន ជាពិសេសការយកចិត្តទុកដាក់ និងការព្យាបាលជំងឺភ្នែកតាមរយៈមជ្ឈមណ្ឌល ដែលនៅមន្ទីពេទ្យព្រះអង្គឌួងនោះ ហើយលោកប្ដេជ្ញាថា នឹងខិតខំជួយដល់កម្ពុជាជាបន្តបន្ទាប់ទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ប្រទេសកូរ៉េ ដែលកន្លងមកធ្លាប់បានជួយដល់ប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសដល់ផ្នែកវិស័យសុខាភិបាលក៏ដូចជាវិស័យអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាអរគុណទៅដល់ភាគីកូរ៉េដែរ បានជួយក្នុងការផ្ដល់នូវការព្យាបាលជំងឺភ្នែកដល់ប្រជាជនកម្ពុជា   ដែលប្រជាជនកម្ពុជាជាច្រើនមានបញ្ហាជំងឺភ្នែកនេះ ហើយពួកគាត់ពិតជាត្រូវការចាំបាច់នូវសេវាព្យាបាលបញ្ហានៃជំងឺភ្នែក រួមទាំងជំងឺគថ្លង់ផងដែរ។ ហើយកន្លងមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ក្នុងការចូលរួមចំណែកជួយថែទាំ និងព្យាបាលបងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងគថ្លង់ ពិការនេះជាដើម ជាពិសេសកន្លងមកនេះយើងក៏មានអង្គការគ្រួសារថ្មី ដែលបានយកចិត្តទុកដាក់ក្នុងការជួយដល់កុមារពិការ និងគថ្លង់ ហើយថ្មីៗនេះអង្គការគ្រួសារថ្មីនេះត្រូវបានបញ្ចូលឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជាវិញ ដូច្នេះនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា កន្លងមកនេះ រាជរដ្ឋាភិបាលយើងក៏ទទួលបានភាពជោគជ័យផងដែរ ទាក់ទងទៅនឹងការបង្ការទប់ស្កាត់នូវជំងឺមួយចំនួនដូចជា ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺតេតាណូសជាដើម។ ហើយបច្ចុប្បន្ននេះកម្ពុជា កំពុងតែយកចិត្តទុកដាក់ទៅលើការប្រយុទ្ធប្រឆាំងជំងឺរបេងជំងឺលើសឈាម និងជំងឺគ្រុនចាញ់ជាដើម។

សម្ដេចតេជោក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានធ្វើការវិនិយោគយ៉ាងច្រើនទៅលើវិស័យសង្គមកិច្ច ជាពិសេសក្នុងការផ្ដល់នូវថវិកាជាតិទៅលើវិស័យអប់រំ វិស័យសុខាភិបាល ដើម្បីផ្ដល់នូវប្រយោជន៍ ក៏ដូចជាបម្រើនូវសេវាដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោក៏បានជម្រាបជូនលោកបណ្ឌិតផងដែរថា នៅពេលខាងមុខនេះពោលគឺនៅក្នុងអំឡុងខែវិច្ឆិកា សម្ដេចតេជោនឹងអញ្ជើញទៅសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកិច្ចប្រជុំ២ ដែលទី១គឺកិច្ចប្រជុំអាស៊ាន-កូរ៉េ និងទី២ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េ ដែលគ្រោងនឹងធ្វើនៅទីក្រុងប៊ូសាននាពេលខាងមុខនេះ។ ហើយតបតាមការអញ្ជើញរបស់លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ កន់ យ៉ាង សម្ដេចតេជោបានឲ្យរកពេលវេលាណាសមស្របដើម្បីសម្ដេចអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ កន់ យ៉ាង នៃប្រទេសកូរ៉េនោះ។ ហើយនៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏មានគម្រោងជួបជាមួយពលករខ្មែរដែលបម្រើការងារនៅឯប្រទេសកូរ៉េនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com