ក្រោយបែកធ្លាយរឿងឆបោកគេ! ស្នងការក្រុងភ្នំពេញបញ្ជាក់ថានគរបាលឈ្មោះ ភា ស្រីល័ក្ខ ត្រូវបណ្តេញចេញពីក្របខណ្ឌយូរហើយ

(ភ្នំពេញ)៖ បន្ទាប់ពីមានការចុះផ្សាយ និងចែកចាយព័ត៌មានច្រើនអំពីស្ត្រីជានគរបាលម្នាក់ឈ្មោះ ភា ស្រីល័ក្ខ ពាក់ព័ន្ធករណីឆបោកប្រាក់ជនបរទេសក្នុងការរត់ការធ្វើ VISA និងទិដ្ឋការនោះ ឥឡូវនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបញ្ជាក់ជូនសាធារណជនឲ្យបានដឹងច្បាស់។

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនសារព័ត៌មាន និងប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា មន្ត្រីឈ្មោះ ភា ស្រីល័ក្ខ ភេទ ស្រី ឋានៈអនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ នគរបាលជាតិតាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៨មកម្ល៉េះ។

ស្នងការនគរបាលរាជធានីភ្នំពេញ បន្ថែមថា
ប្រសិនបើបុគ្គលរូបនេះ ប្រព្រឹត្តិបទល្មើស ផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹង តាមបណ្តាប៉ុស្តិ៍-ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបជូនថា ការចេញសេចក្តីបញ្ជាក់ខាងលើ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយអំពី ករណីមាន ជនបរទេសម្នាក់បាន ផ្ញើសារទៅអ្នកសារព័ត៌មានឲ្យជួយរឿងមាននគរបាលស្រីម្នាក់ឈ្មោះ Phea Sreyleak ABA: 000389495 មានលេខទូរស័ព្ទ 093848465 0765555612 បានបោកប្រាស់ជនបរទេសជាច្រើនអ្នករួចមកហើយ ទាំងលើកនេះបោកជនរងគ្រោះអស់ជិត ៤០០ដុល្លារ ក្នុងការធានាជួយរត់ការធ្វើ VISA/ទិដ្ឋការសម្រាប់ពេល១ឆ្នាំ។

ជនរងគ្រោះ បានប្រាប់ អ្នកសារព័ត៌មានថា ខ្លួនបានដាក់ពាក្យប្តឹងជនសង្ស័យឈ្មោះ ភា ស្រីល័ក្ខ នៅក្នុងមូលដ្ឋានរបស់គាត់ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូង ប៉ុន្តែនគរបាលប៉ុស្តិ៍ឆ្លើយថា ស្គាល់អាសយដ្ឋានស្ត្រីជាជនសង្ស័យនោះទេ ទើបជនរងគ្រោះសម្រេចផ្ញើសារទៅឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com