ព្រឹក​ថ្ងៃ​សុក្រ ទី​២០​កញ្ញា ប្រជុំ​ចុងក្រោយ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​ថ្មី សម្រាប់​អនុវត្ត​ឆ្នាំ​២០២០

(​ភ្នំពេញ​)៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃ​សុក្រ ទី​២០ កញ្ញា ឆ្នាំ​២០១៩ នឹងមាន​កិច្ចប្រជុំ​ចុងក្រោយ​របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​ថ្មី សម្រាប់​កម្មករនិយោជិត នៅ​ឆ្នាំ​២០២០​។ ក្នុង​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ភាគី​សហជីព​កម្មករ បានកំណត់​យក​តួលេខ ១៩៥ ដុល្លារ ខណៈដែល​ភាគី​និយោជក ថៅ​រោងចក្រ ព្រមព្រៀង​ត្រឹម ១៨៦​ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​ការងារ កំណត់​យក​តួលេខ ១៨៧ ដុល្លារ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចង់​ឲ្យ​មានការ​ព្រមព្រៀង លើ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​កាត់ដេ​រ នៅ​ឆ្នាំ​២០២០ ឲ្យ​សម្រេចបាន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩​។

​នៅ​ឆ្នាំ​២០១៩​នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​កាត់ដេរ មាន​ចំនួន ១៨២ ដុល្លារ ដោយ​មិនទាន់​រាប់បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​មួយចំនួនទៀត​ទេ​។ ដោយឡែក ប្រាក់​ឈ្នួល​ថ្មី ដែល​កំពុង​ចរចា​នេះ នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com