UEFA CL: Real Madrid ចាញ់ ចំនែក Juventus បានត្រឹមស្មើ ខណៈដែលជើងឯកអង់គ្លេស Man City ឈ្នះ

(អឺរ៉ុប)៖ ក្លិបបាល់ទាត់អេស្ប៉ាញ Real Madrid បរាជ័យក្រោមថ្វីជើងក្លិបអ្នកមានបារាំង Paris Saint Germain ក្នុងលទ្ធផល ០ទល់នឹង៣ ការប្រកួតជើងឯកក្លិបកំពូលអឺរ៉ុប (UEFA Champion League) ពូល A ព្រឹកថ្ងៃនេះ។

៣គ្រាប់ជ័យជំនះរបស់ PSG កើតឡើងដោយពីរគ្រាប់តែឯងរបស់កីឡាករ អាហ្សង់ទីន Angel Di Maria និងមួយគ្រាប់ទៀតដោយកីឡាករ Thomas Meunier។ អ្វីដែលស្តាយសម្រាប់ Real Madrid កីឡាករ Gareth Bale ស៊ុតបាល់បញ្ចូលទីបានសម្រេចទៅហើយ តែអាជ្ញាកណ្តាលមិនឱ្យ ក្រោយពិនិត្យវីដេអូជំនួយអាជ្ញាកណ្តាល (VAR)

ក្នុងពូលជាមួយគ្នានេះដែរ ក្លិបបែលហ្ស៊ិល Club Brugge បានត្រឹមស្មើ ០ទល់នឹង០ជាមួយក្លិបទួកគី Galatasaray។ ការប្រកួតបន្ទាប់ថ្ងៃទី០១ ខែតុលា Real Madrid ទទួលក្លិប Club Brugge និង
Galatasaray ទទួល PSG។

ក្នុងពូល B កីឡាករ Kingsley Coman,Robert Lewandowski និងកីឡាករThomas Mueller បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ឱ្យ Bayern Munich ឈ្នះ Red Stars Belgrad ៣ទល់នឹង០។ ចំនែកជើងឯករង​​ Tottenham Hotspur បានត្រឹមតែស្មើ ២ទល់នឹង២ ជាមួយOlympiacos ទោះបីនាំមុខមុន ២ទល់នឹង០ យ៉ាងណាក៏ដោយ។

នៅប្រទេសក្រូអាស៊ី ក្លិបបាល់ទាត់ Dinamo Zagreb បានបំបាក់ក្លិបាល់ទាត់អ៊ីតាលី Atalanta ៤ទល់នឹង ០ ក្នុងពូលC ដោយគ្រាប់បាល់កីឡាករ Marin Leovac និងបីគ្រាប់តែ​ឯងរបស់កីឡាករMislav Orsic ។ រីឯក្លិបអង់គ្លេស Manchester City ឈ្នះក្លិបអ៊ុយក្រែនShakhtar Donetsk ក្រៅដី ៣ទល់នឹង០ ដែលស៊ុតបញ្ចូលទីដោយកីឡាករRiyad Mahrez, Ilkay Guendogan និងGabriel Jesus។

ដោយឡែកលទ្ធផលក្នុងពូល D ក្លិប Atletico Madrid វាយបកតាមពីក្រោយយកស្មើ ២ទល់នឹង២ ជាមួយក្លិបជើងឯកអ៊ីតាលី ខណៈដែល Bayer Leverkusen ចាញ់ក្លិបរុស្ស៊ីLokomotiv Moscow ១ទល់នឹង២៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com