រដ្ឋមន្ត្រីថា នៅសៀមរាប ថយចុះតែទេសចរចិន និងកូរ៉េ ទេ តែនៅទូទាំងប្រទេស ចំនួនអ្នកទេសចរបរទេស កើនឡើងជាង ១១% ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០១៩
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា នៅខេត្តសៀមរាប តំបន់អង្គរ ដែលក្រុមអ្នករកស៊ីលើវិស័យទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន លើកឡើងថា អ្នកទេសចរបរទេស បានធ្លាក់ចុះចាប់តាំងពីខែមករា ឆ្នាំ២០១៩ នោះ គឺនៅសៀមរាប ធ្លាក់ចុះតែអ្នកទេសចរចិន និងកូរ៉េទេ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNC ដែលក្រសួងទេសចរណ៍ បានបង្ហោះក្នុងហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បញ្ជាក់ថា នៅសៀមរាប ថយតែទេសចរចិន ៨% ទេ។ តែនៅទូទាំងប្រទេស កើនឡើងដល់ទៅជាង ៣០% ពិសេសនៅភ្នំពេញ និងក្រុងព្រះសីហនុ ទាក់ទាញទេសចរចិនច្រើន។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ចិនថយ ដោយសារតែសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ដែលនាំឲ្យប្រាក់ចំណូលរបស់ប្រជាជនចិន ក៏ថយដែរ។ រីឯអ្នកទេសចរកូរ៉េ ក៏បានថយជិត ៣០% ដែរ នៅសៀមរាប។ អ្នកទេសចរកូរ៉េ ថយពីប្រមាណ ៤០ម៉ឺននាក់ មកនៅត្រឹមតែ ២០ ទៅ ៣០ម៉ឺននាក់ទេ។
ក្រសួងទេសចរ បានប្រកាសថា នៅទូទាំងប្រទេស ក្នុងរយៈពេល ៧ខែ គិតពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាទទួលបានកំណើនទេសចរ ប្រមាណ ៣,៨ លាននាក់ គឺកើនឡើង ១១,១%។ ប៉ុន្តែគោលដៅទេសចរណ៍វប្បធម៌-បេតិកភណ្ឌ ចំនួន ២ ធ្លាក់ចុះនូវភ្ញៀវទេសចរ គឺនៅសៀមរាប-អង្គរ ថយចុះ ៩,៧% និងគោលដៅប្រាសាទព្រះវិហារ ថយចុះ ៥,៥%។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានព្រមានដល់អាជីវករ និងផ្នែកពាក់ព័ន្ធ ដែលលក់វត្ថុអនុស្សាវរីយ៍ គ្រឿងអលង្ការ ក្លែងក្លាយ និងបោកប្រាស់ភ្ញៀវទេសចរ។ អ្នកទេសចរ បានចំណាយ ២០% នៃចំណាយសរុប លើវត្ថុអនុស្សាវរីយ៍។ ដូច្នេះបើនៅតែធ្វើការងារនេះទៀត យើងមានច្បាប់ នឹងត្រូវអនុវត្ត ដោយអ្នកល្មើសច្បាប់ នឹងត្រូវជាប់គុក៕

