ធនាគារ PPC Bank ឧបត្ថម្ភជម្រើសជាតិតេក្វាន់ដូ WT បង្កើនការហ្វឹកហាត់នៅកូរ៉េខាងត្បួង ២ខែ មុនចេញទៅប្រជែងមេដាយស៊ីហ្គេម នៅហ្វីលីពីន

(កម្ពុជា)៖ កីឡាករ កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT ៩នាក់ បានចេញដំណើរទៅបង្កើនការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសឲ្យបានកាន់តែប្រសើរ នៅសាធារណរដ្ឋកូរ៉េ មុនចេញទៅចូលរួមប្រជែងមេដាយនៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ធនាគារ PPC Bank បានរៀបចំពិធីជូនដំណើរ និងឧបតម្ថម្ភជូនដល់កីឡាករ កីឡាការិនីជម្រើស
ជាតិតេក្វាន់ដូ WT កម្ពុជា នៅទីស្នាក់ការរបស់ខ្លួន រាជធានីភ្នំពេញ នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយនៅយប់ថ្ងៃដដែលនេះ ក្រុមអត្តពលិកត្រូវហោះទៅកាន់សាធារណរដ្ឋកូរ៉េ ដែលជាកន្លែងហ្វឹកហាត់តែម្តង។

លោក ជ្រិន សុធា អនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT (កូរ៉េខាងត្បូង) បញ្ជាក់ថា ការហ្វឹកហាត់នៅប្រទេសម្ចាស់ក្បាច់គុន តេក្វាន់ដូ WT នេះ គឺដើម្បីត្រៀមខ្លួនឲ្យកាន់តែខ្លាំងក្លា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ។

លោកបន្តថា តេក្វាន់ដូ WT នេះ គឺជាប្រភេទកីឡាអូឡាំពិកដ៏ពេញនិយមនៅលើពិភពលោក ដែលមានអ្នកលេងច្រើនជាងគេរហូតដល់ ៩០លាននាក់ នៅក្នុងចំណោម ២០៥ប្រទេស ហើយសម្រាប់កម្ពុជា ក៏មានក្តីរំពឹងខ្ពស់ដែរថា នឹងប្រជែងបានមេដាយក្នុងស៊ីហ្គេមឆ្នាំនេះ ក៏ដូចជាឈានទៅប្រជែងមេដាយ នៅក្នុងកម្រិតកីឡាអាស៊ី (Asian Games) និងអូឡាំពិកហ្គេម នាពេលខាងមុខផងដែរ។

អនុប្រធានរូបនេះបន្ថែមទៀតថា PPC Bank បានជួយឧបត្ថម្ភជាលើកទី៣ហើយ សម្រាប់ឆ្នាំ២០១៩នេះ ដូច្នេះ PPC Bank គឺជាដៃគូសហការដ៏ជិតស្និទ្ធបំផុត ក្នុងការគាំទ្រវិស័យកីឡាតេក្វាន់ដូ WT កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈការជួយឧបត្ថម្ភថវិកាមួយចំនួនធំ ដោយក្នុងនោះចាត់ចែងទៅលើការទិញសំបុត្រយន្តហោះចេញទៅហ្វឹកហាត់នៅកូរ៉េ សម្រាប់១០នាក់ ក្នុងនោះ គ្រូបង្វឹកម្នាក់ កីឡាករ ៥នាក់ និងកីឡាការិនី ៤នាក់ ហើយតាមការគ្រោងទុក នឹងត្រូវបញ្ចប់ការហ្វកឹហាត់ និងត្រឡប់មកកម្ពុជា នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ។

ចំណែកឯ លោក ស៊ីន ឆាងមូ (Shin Chang Moo) នាយកប្រតិបត្តិធនាគារ PPC Bank បានក្រើន
រំលឹកឲ្យកីឡាករ កីឡាការិនីជម្រើសជាតិ ត្រូវថែទាំងសុខភាពឲ្យបានល្អ និងខិតខំហ្វឹកហាត់បង្កើនបច្ចេកទេសនៅសាធារណរដ្ឋកូរ៉េ លើកនេះឲ្យបានកាន់តែប្រសើរ ដើម្បីចូលរួមប្រជែងមេដាយ ក៏ដូចជាបង្កើតនូវកិត្យានុភាព មោទនភាពជាតិលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩។ លោកជឿជាក់ថា អត្តពលិកជម្រើសជាតិកម្ពុជាទាំងអស់ នឹងរក្សាបាននូវការតាំងចិត្ត និងការប្តេជ្ញាចិត្តដ៏មុះមុត ដើម្បីដណ្តើមបានជ័យជម្នះយកមកជូនជាតិផងដែរ៕ ប្រភព៖ PP SEA GAMES 2023

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com