លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ៧ចំណុចដើម្បីការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ រាជរដ្ឋាភិបាលអណត្តិទី៦បានជោគជ័យ

(ស្វាយរៀង)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូក សរុបសកម្មភាពការងាររៀបចំវេទិកាសាធារណៈប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

ដោយមានការចូលរួមពីឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក.លោកស្រីថ្នាក់ដឹកនាំស្ថាប័ននានាដែលជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ក្រុង ស្រុកលោកអភិបាល ក្រុង ស្រុក ចូលរួមចំនួនប្រមាណ៤៥០នាក់។

ឯកឧត្តម ម៉ែន វិបុល បានថ្លែងសុន្ទរកថាស្វាគមន៍ និងអានរបាយការណ៍សង្ខេប ស្តីពីការបូកសរុបសកម្មភាពការងារអាណត្តិទី៥ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបានអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់អំពី លទ្ធផលការងារ ចំណុចខ្លាំង បញ្ហាប្រឈម នៃការធ្វើវេទិកាសាធារណៈកន្លងមក ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា៖ ដើម្បីបន្តការតាមដាន ការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភានេះ ក្រុមការងារយើងត្រូវប្រឹងប្រែងរួមគ្នា បំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

១- ត្រូវពង្រឹងការងារ ដោយសាមគ្គីភាពភាពក្នុងក្រុមការងារ និងពិភាក្សាគ្នាជាសមូហភាព ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់ និងការពិត។

២- ត្រូវមានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ រួសរាយ រាក់ទាក់ ចេះគោរព ស្រឡាញ់ប្រជាជន ស្គាល់ចាស់ ស្គាល់ទុំ។ ៣- ត្រូវបន្តអនុវត្តឲ្យជោគជ័យ នូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ ធ្វើកំណែទម្រង់ស៊ីជម្រៅ កាត់បន្ថយភាពអសកម្ម របស់ថ្នាក់ដឹកនាំ និងមន្ត្រី ដោយបន្តការអនុវត្តតាមទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។

៤- ត្រូវជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលា។

៥- ត្រូវតាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនក្នុងការឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំងទុច្ចរិត។

៦- ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាល និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

៧- ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវីទ្យាព័ត៌មាន IT ជាពិសេសត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គមដោយប្រុងប្រយ័ត្ន ដោយចែករំលែកនូវចំណុចវិជ្ជមានដែលរាជរដ្ឋាភិបាលបានខិតខំ ៕ (SN-PK)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com