​គណៈកម្មការទី១ព្រឹទ្ធសភា ​ចុះ​ប្រមូលបញ្ហាប្រឈមនានា​​ ក្នុងខេត្តព្រះសីហនុ​ ​រាយការណ៍ទៅប្រធាន​ព្រឹទ្ធសភា​​

(ព្រះសីហនុ)៖ ក្រោយពីបានចុះឈ្វេងយល់ពីការអភិវឌ្ឍ និងបញ្ហាប្រឈមខេត្តព្រះសីហនុ រួចមក ប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ខៀវ មុត សង្ឃឹមថា ខេត្តព្រះសីហនុ នឹងក្លាយទៅ​ជាតារារះនាទិសនិរតី ក្នុងការអភិវឌ្ឍឈានមុខគេនៅកម្ពុជា។

ឯកឧត្តម ខៀវ មុត ប្រធានស្តីទីគណ:កម្មការទី១ នៃព្រឹទ្ធសភា ក្នុងជំនួបពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា ប្រតិភូមកបំពេញទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិរុទ្ធជននៅតាមពន្ធនា​គារ ប្រព័ន្ធតុលាការ និងកង្វល់ប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ បញ្ហាប្រឈម និងការអភិវឌ្ឍនៅតាមមូលដ្ឋាន។

ឯកឧត្តមបន្តថា តួនាទីរបស់ព្រឹទ្ធសភា គឺទី១ ការអនុវត្តច្បាប់ ទី២ ការត្រួតពិនិត្យច្បាប់ និងទី៣ តំណាងឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ព្រមទាំងប្រមូលពត៌មាន ដើម្បីពាំនាំកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីរាយការណ៍ជូនប្រធានព្រឹទ្ធសភា។

អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានបញ្ជាក់ថា សក្តានុពលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមមាន ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម សំណង់ ដែលជាវិស័យគោលដៅធ្វើឱ្យខេត្តមានការអភិវឌ្ឍខឿនសេដ្ឋកិច្ច រួមមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ជាប្រភពសក្តានុពល និងធនធានធម្មជាតិ បាននឹងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ឱ្យមានភាពរីកចម្រើនជាលំដាប់។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក និងប្រកាសប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ​។ ខេត្ត មានតំបន់សេដ្ឋកិច្ចចំនួន៩ ក្នុងនោះ៥ កំពុងដំណើរការ មានរោងចក្រធំ តូច ២១១​កន្លែង សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត ស្រូបយកកម្លាំងពលកម្មចំនួន ៩១.០៨៩នាក់ ស្រី ៤១.២៥៩ នាក់ ក្នុងនោះពលកម្មបរទេស ២៨.៨០៩នាក់។ បច្ចុប្បន្ន​វិនិយោគ​ចិន ឋិតនៅលំដាប់លេខ១ មករកស៊ី និងវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និង​ទេសចរណ៍​ ។​

អភិបាលរងរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នមានដូចជា ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស ដោយសារខេត្តព្រះសីហនុ មានការអភិវឌ្ឍលូតលាស់លើវិស័យសំណង់ ម្យ៉ាងទៀតពាក់ព័ន្ធលូ អូ ប្រឡាយ ចរាចរណ៍ នាពេលបច្ចុប្បន្ន ទឹកស្អាត មិនទាន់ឆ្លើយ តបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ១០០ភាគរយ រដ្ឋបាលខេត្តកំពុងធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ។ រាជរដ្ឋាភិបាលបានទំលាក់ថវិកា ២០០លាន ដុល្លា លើគម្រោងស្ថាបនា ស្តារប្រព័ន្ធលូ និងហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ តាមលក្ខណបច្ចេកទេស ស្តង់ដារ ចាក់បេតុង ឆ្អឹងដែក កម្រាស់ ០.២៥ម៉ែត្រ និងមានផ្លូវថ្នើរជើង និងដាំដើមឈើអមសងខាងផ្លូវ ដើម្បីសោភ័ណភាព និងការប្រើប្រាស់បានយូរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com