ក្រសួងសុខាភិបាល​ ចេញវិធានការបង្ការបញ្ហាសុខភាពពីចំណីអាហារ​ និងស្រា​ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ ​និងភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការសុខភាពដែលបណ្តាលមកពីការបរិភោគចំណីអាហារ និងពិសាស្រា នាឱកាសដែលបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងពីធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចូលរួម អនុវត្តវិធានការបង្ការ ដើម្បីសុខភាពល្អចៀសផុតពីបញ្ហាសុខភាពបណ្តាលមកពីការបរិភោគចំណីអាហារ ដែលនាំឲ្យក្អួត រាក និងការពិសាស្រានិងជំងឺឆ្លងផ្សេងៗ ដែលបង្កឡើងដោយចំណីអាហារគ្មានអនាម័យ ឬទឹកកខ្វក់ ដែលមានមេរោគបាក់តេរី វីរុស ប៉ារ៉ាស៊ីត ឬសារធាតុគីមី ។

ការពុលចំណីអាហារភាគច្រើនបណ្តាលមកពីការរៀបចំអាហារមិនមានអនាម័យល្អ ទាំងក្នុងចំណីអាហារ និងអ្នករៀបចំទុកដាក់ និងការចែកចាយចំណីអាហារ និងការពិសាស្រា ដែលបានផលិត
ឬបានបិត ដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ។ រោគសញ្ញា ដែលបណ្តាលឲ្យពុលចំណីអាហារមានដូចជា ក្អួត ចង្អោរ រាក រាកមួល ដែលអាចគ្រោះថ្នាក់ដល់ អាយុជីវិតបាន ។ ការពុលស្រាបណ្តាលឲ្យមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទៅស្លាប់បាន ។ លទ្ធផលវិភាគសំណាកស្រាសដែលទទួលបានពីទីកន្លែងដែលកើតហេតុរបស់មន្ទីរពិសោធន៍ជាតិនៃក្រសួងសុខាភិបាលបានរកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសាក្នុងតំបន់ដែលកើតហេតុនាពេលកន្លងមកមានសារជាតិមេតាណុលកម្រិតខ្ពស់ ដែលធ្វើឱ្យពុល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការបរិភោគ ស្រាស ឬស្រាថ្នាំ ដែល​ទិញ​ពី​ប្រភពមិនច្បាស់លាស់និងដែលផលិតដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ។

សូមបងប្អូនអនុវត្តនូវការប្រុងប្រយ័ត្នដ៏សាមញ្ញមួយចំនួន នៅពេលដែលកាន់និងរៀបចំម្ហូបអាហារ ដែលអាចការពារអ្នកគ្រប់គ្នានិងក្រុមគ្រួសារពីការឈឺ ៖
១. ​ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច
២.​ត្រូវលាងដៃនឹងសាប៊ូ មុនពេលនិងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយបន្ទោ​បង់​។
៣. ​លាងសំអាតបន្លែ ផ្លែឈើឲ្យបានស្អាតមុនបរិភោគ
៤. ​សំអាតសម្ភារប្រើសម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ
៥.​ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ។
៦.​ទុកដាក់ចំណីអាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា ។
៧. ​កុំរក្សាទុកអាហារក្នុងកំដៅធម្មតាលើសពី២ម៉ោង
៨. ​មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ
ក. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព៥អង្សាសេ
ខ. បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅគឺត្រូវឲ្យលើសពីសីតុណ្ហភាព៦០អង្សាសេ
៩. ​កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់។

ចំពោះការពុលស្រា ក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់សូមពិសាគ្រឿងស្រវឹងក្នុង កំរិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬបញ្ជាគ្រឿងម៉ាស៊ីន។ បើមានរោគសញ្ញា​នៃការពុលស្រាដូចរៀបរាប់ខាងលើ សូមស្វែងរកដំបូន្មានជាបន្ទាន់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក។

នាយកដ្ឋានសូមលើកទឹកចិត្តឲ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញខាងលើ ដើម្បីការពារអ្នកនិងក្រុមគ្រួសារ និងសូមជូនពរអ្នកទាំងអស់គ្នាជួបនូវសុខភាពល្អក្នុងពីធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌខាង​មុខ៕​

សំរាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ 115 ទោះគ្មានថវិកា​ក្នុង​ទូរស័ព្ទ​​របស់អ្នក​ក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនង៖

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com