ដំណើរ​ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ​៖ នៅ​ថ្ងៃទី​១២​កញ្ញា​នេះ ក្រោយ​ប្រជុំ​ផ្ទៃក្នុង ៣​ដង ភាគី​កម្មករ ចុះ ២​ដុល្លារ រីឯ​ភាគី​និយោជក​ឡើង ៥​កាក់​!

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​បន្ត​កិច្ចប្រជុំ លើក​ទី​៤ ដើម្បី​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​។ ក្នុងនោះ ក្រោយពី​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក បាន​ប្រជុំពិភាក្សា​ផ្ទៃក្នុង​របស់ខ្លួន ចំនួន ៣​ដង រួចហើយ ភាគី​កម្មករនិយោជិត បាន​បន្ថយ​ពី​តួលេខ ១៩៩ ដុល្លារ​អាមេរិក មក​ត្រឹម ១៩៧ ដុល្លារ​អាមេរិក និង​ភាគី​និយោជក បាន​ដំឡើង​ពី​តួលេខ ១៨៤ ដុល្លារ​អាមេរិក ទៅ ១៨៤,៥ ដុល្លារ​អាមេរិក ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២០​។​

​យ៉ាងណាក៏ដោយ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បញ្ជាក់ថា ភាគី​នីមួយៗ បាន​ឯកភាព​បន្ត​ប្រជុំពិភាក្សា នៅ​រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ៣​រសៀល​។​

​សូម​រម្លឹកថា ក្នុង​ការចរចា កាលពី​សប្តាហ៍​មុន ភាគី​សហជីព​បក​ម្មក​រ បានទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ នៅ​ឆ្នាំ​២០២០ ចំនួន ១៩៩ ដុល្លារ​អាមេរិក​។ ភាគី​និយោជក បានប្រកាស​តួលេខ​ត្រឹម ១៨៤ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។

​នៅ​ឆ្នាំ​២០១៩ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត កាត់ដេរ មាន​ចំនួន ១៨២ ដុល្លារ ដោយ​មិន​គិតពី​ប្រាក់​អត្ថប្រយោជន៍​ដទៃទៀត​ទេ​។

​តាម​ការគ្រោងទុក ការចរចា​ដំឡើង​ប្រាក់ខែ​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ នឹងត្រូវ​បញ្ចប់​យ៉ាងយូរ​ត្រឹមតែ​តុលា ឆ្នាំ​២០១៩​។ តែ​រដ្ឋមន្ត្រី​ការងារ ចង់​ឲ្យ​ការចរចា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ នៅ​ឆ្នាំ​២០២០ បញ្ចប់​នៅមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នា​ថ្ងៃទី​២៧-៣០​កញ្ញា​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com