សម្តេច​ប្រធានរដ្ឋសភា​ ពេញចិត្ត​និង​គាំទ្រ​ចំពោះ​លទ្ធផល​ កិច្ច​សហប្រតិបត្តិការ​រវាង ​រដ្ឋាភិបាល​កម្ពុជា​និង​ឡាវ​

(​ភ្នំពេញ)​៖​ ក្នុង​ឱកាស​ទទួល​ជួប​សវនាការ​ជាមួយ​ ឯកឧត្តម​បណ្ឌិត​ ថង​លូន​ ស៊ី​ស៊ូ​លី​ត​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​លទ្ធផល​ នៃ​កិច្ច​ពិភាក្សា​ទ្វេភាគី​ រវាង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​និង​ឡាវ​ នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​នេះ​ ក្នុង​ការ​ពង្រឹងពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ ដើម្បី​ឧត្តម​ប្រយោជន៍​ទាំង​សងខាង​។​

​ឯកឧត្តម​បណ្ឌិត​ ថង​លូន​ ស៊ី​ស៊ូ​លី​ត​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ឡាវ​ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពី​ថ្ងៃ​ទី​១២​ ដល់​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​

​ក្នុង​ជំនួប​ជាមួយ​សម្តេច​ប្រធានរដ្ឋសភា​ ឯកឧត្តម​បណ្ឌិត​ ថង​លូន​ ស៊ី​ស៊ូ​លី​ត​ បាន​ជម្រាប​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ថា​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ព្រឹក​មិ​ញ​នេះ​ ឯកឧត្តម​បណ្ឌិត​ និង​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ពិភាក្សា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ ទំនាក់​ទំនងជា​ព្រ​ពៃ​ណី​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រឹង​មាំ​ឡើង​។​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឡាវ​ បាន​លើក​ឡើង​ថា​ កម្ពុជា​និង​ឡាវ​ បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ពង្រឹងពង្រីក​វិស័យ​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ ថាមពល​អគ្គិសនី​ អប់រំ​ បរិស្ថាន​ ទេសចរណ៍​ និង​វប្បធម៌​ជាដើម​។​

​ឯកឧត្តម​បណ្ឌិត​ ថង​លូន​ ស៊ី​ស៊ូ​លី​ត​ បាន​លើក​ឡើង​ថា​ នាយក​រដ្ឋមន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​ ក្នុង​ការ​លើកកម្ពស់​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​រឹង​មាំ​ឡើង​ក្នុង​ន័យ​ “​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ គង់វង្ស​ និង​យូរអង្វែង​”​។​

​នាយក​រដ្ឋមន្ត្រី​ឡាវ​ បាន​កោតសរសើរ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​រីករាយ​ចម្រើន​ខាង​វិស័យ​ឧស្សាហកម្ម​និង​សំណង់​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​។​ ចាប់ពី​ពេល​នេះ​ ទៅ​ដល់​ឆ្នាំ​២០៣០​ ប្រទេស​ឡាវ​លក់​ថាមពល​អគ្គិសនី​ឱ្យ​កម្ពុជា​ ក្នុង​ទំហំ​ប្រមាណ​ ៦​ ០០០​មេ​ហ្គា​វ៉ា​ត់​។​

​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ សម្តេច​ ថា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ឡាវ​ បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ ពិសេស​បញ្ហា​ព្រំដែន​ ហើយ​ខិតខំ​ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ក្រៃ​លែង​ដោយ​បានឃើញ​វឌ្ឍនភាព​ នៃ​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ឡាវ​ មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ ដែល​ទាំង​អស់នេះ​ បាន​នាំ​មក​នូវ​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​រវាង​ប្រជាជាតិ​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​ប្រធាន​ បាន​កោតសរសើរ​ និង​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា​-​ឡាវ​ ក្នុង​ការ​បោះបង្គោល​ព្រំដែន​កំណត់​ខ័​ណ្ឌ​សីមា​ សម្រេច​បាន​លទ្ធផល​៨៦%​។​ ខ្ញុំ​សូម​លើកទឹកចិត្ត​ រដ្ឋាភិបាល​ទាំង​ពីរ​បន្ត​ពិភាក្សា​ដោះស្រាយ​បញ្ហា​ ដែល​នៅ​សេសសល់​ ក្នុង​ស្មារតី​មិត្តភាព​ស្មោះត្រង់​ ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ប្រែ​ក្លាយជា​ព្រំដែន​ សន្តិភាព​ មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ និង​ការ​អភិវឌ្ឍ​ ទុក​សម្រាប់​ជា​មរតក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ក៏​បាន​ជម្រាប​ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ពី​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។​ រដ្ឋសភា​កម្ពុជា​និង​ឡាវ​ បាន​ផ្លាស់​ប្តូរ​ពិសោធន៍​គ្នា​ជា​បន្តបន្ទាប់​នៅ​គ្រប់​កម្រិត​។​ ជា​ពិសេស​រដ្ឋសភា​ប្រទេស​ទាំង​ពីរ​ បាន​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​លើ​ឆាក​អន្តរជាតិ​ តាម​រយៈ​វេទិកា​អន្តរ​សភា​នានា​ ៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com