អន្តរក្រសួង៖ ​សហគ្រាស-ក្រុមហ៊ុន ​ត្រូវដាក់អក្សរខ្មែរធំៗ​នៅជួរខាង​លើ​បង្អស់​ សម្រាប់​ស្លាកយីហោ​សាធារណៈ​

(ភ្នំពេញ)៖ អន្តរក្រសួងរួមមាន ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ បានចេញប្រកាសរួម ស្តីពីការប្រើប្រាស់នាមករណ៍សហគ្រាស-ក្រុមហ៊ុន នៅលើលិខិត ឯកសារស្លាកសញ្ញាសម្រាប់តាំង​បង្ហាញ ឬផ្សព្វ​ផ្សាយពាណិជ្ជកម្មជាសាធារណៈ។

ប្រកាសរួមចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងទាំងពីរ នៅថ្ងៃទី១១ ខែកញ្ញា ត្រង់ប្រការ៤ បានចែងថា ៖ សហគ្រាស ក្រុមហ៊ុនដែលបានចុះបញ្ជី និងពាណិជ្ជករ ដែលបានទទួលលិខិតអនុញ្ញាតប្រកបអាជីវកម្ម ត្រូវប្រើប្រាស់ឈ្មោះឲ្យស្របតាមនាមករណ៍ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅលើលិខិត ឯកសារ ស្លាកសញ្ញា សម្រាប់ទីតាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ ដោយអនុលោមតាមលក្ខខណ្ឌ ដូចខាងក្រោម៖
– នាមករណ៍ជាភាសាខ្មែរ ត្រូវដាក់នៅជួរខាងលើបង្អស់ ហើយត្រូវមានទំហំធំជាងភាសាដទៃទៀតចំនួនពីរដង
– ការបកប្រែរបស់នាមករណ៍ពីភាសាមួយទៅភាសាមួយទៀត ត្រូវបានហាមឃាត់ដោយច្បាប់។

ជាមួយគ្នានេះ ត្រង់ប្រការ៥ បានចែងថា៖ អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងក្រសួងទេស​ចរណ៍​ ត្រូវបង្កើតក្រុមការងារចុះត្រួតពិនិត្យ និងណែនាំអំពីការប្រើប្រាស់នាមករណ៍នៅលើលិខិត ឯក​សារ ស្លាកសញ្ញាសម្រាប់ទីតាំងបង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្ម ជាសាធារណៈឲ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានច្បាប់ជាធរមា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com