នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អនុញ្ញាត​ឲ្យ​មន្ត្រី​ទំនាក់ទំនង​ភ្នាក់ងារ​ឧក្រិដ្ឋកម្ម​NCA​ ចប់​អាណត្តិ​ ចូល​ជួប​ជម្រាបលា​ និង​ណែនាំ​មន្ត្រី​ទំនាក់ទំនង​ថ្មី​ ចូល​ជួប​សម្តែង​ការ​គួរសម​

(​ភ្នំពេញ)​៖​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១៤​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​លោក​ Gerry​ McGowan​ មន្ត្រី​ទំនាក់ទំនង​ភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ NCA​ ចប់​អាណត្តិ​ ចូល​ជួប​ជម្រាបលា​ និង​ណែនាំ​លោក​ Peter​ Vernon​ មន្ត្រី​ទំនាក់ទំនង​ភ្នាក់ងារ​ឧក្រិដ្ឋកម្ម​ NCA​ ថ្មី​ ចូល​ជួប​សម្តែង​ការ​គួរសម​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​មាន​ប្រសាសន៍​ថា​ ឆ្លង​តាម​ការ​ធ្វើ​កិច្ចសហការ​កន្លង​មករ​វាង​ស្ថាប័ន​NCA​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ភាគី​ទាំង​បាន​ផ្លាស់​ប្តូរ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​បាន​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​ប្រឆាំង​ និង​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​កុមារ​ និង​អនីតិជន​។​

​ជាក់ស្តែង​នៅ​ពេល​ថ្មីៗ​នេះ​ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ចាប់ខ្លួន​ក៏​ដូច​ជា​បង្ក្រាប​នូវ​ជនល្មើស​រំលោភ​ផ្លូវភេទ​លើ​កុមារ​តាម​សំណើរ​របស់​ NCA​ ផង​ដែរ​។​

​នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះ​ផង​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ NCA​ បន្ត​ជួយ​ដល់​កម្ពុជា​លើ​ការងារ​បណ្តុះបណ្តាល​ ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ជំនាញ​ប្រឆាំង​ការ​ជូ​ញ​ដូរ​មនុស្ស​។​

​ជា​ការ​ឆ្លើយ​តប​ ភាគី​ NCA​ បាន​ប្តេជ្ញា​ថា​នឹង​ជួយ​កម្ពុជា​ទៅ​លើ​វិស័យ​នេះ​ និង​សន្យា​ផ្តល់​ព័ត៌មាន​នានា​ ពាក់ព័ន្ធ​នឹង​បទល្មើស​លើ​កុមារ​មក​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការ​ស៊ើបអង្កេត​សហការ​ធ្វើ​យ៉ាងណា​ការពារ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ថាប័ន​ NCA​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ចុះ​អនុស្សា​រណៈ​ នៃ​ការ​យោគយល់​គ្នា​ MOU​ ដែល​បាន​បង្ហាញ​ពី​កិច្ច​សហ​ប្រ​តិ​បត្ត​ការណ៍​យ៉ាង​ល្អ​រវាង​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ​៕


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com