Breaking News៖ ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី និង​បក្សពួក ត្រូវបាន​បញ្ជូនទៅ​ប្រទេស​អាស៊ាន ខណៈ​នាយករដ្ឋមន្ត្រី​ឡាវ ប្រកាស​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ណា ឆ្លងកាត់​ឡើយ​!

(​ភ្នំពេញ​)៖ ក្នុងពេល​ប្រកាស​ព័ត៌មាន​រួមគ្នា បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ម៉ោងជាង ១២ រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បដិសេធ​នូ​វ​ការវិភាគ​របស់​បណ្ឌិត​ខ្មែរ​ម្នាក់ ដែលថា កម្ពុជា បាន​ស្វែងរក​អន្តរាគមន៍​ពី​ឡាវ មុនពេល​ក្រុម​ទណ្ឌិត ដឹកនាំ​ដោយ​លោក​សមរង្ស៊ី នឹង​ចូល​ទឹកដី​កម្ពុជា តាម​ប្រទេស​ឡាវ​។

យ៉ាងណាក៏ដោយ សម្តេច​តេ​ជោ ហ៊ុន សែន​ បញ្ជាក់ថា កម្ពុជា​បាន​បញ្ជូន​ដីកា​របស់​តុលាការ ក្នុងការ​ចាប់ខ្លួន​ទណ្ឌិត សមរង្ស៊ី និង​បក្សពួក ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​។ ក្នុងនោះ ថៃ បានទទួល​រួចហើយ រីឯ​ឡាវ ក៏បាន​ប្រកាស​ជំហរ មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​សមរង្ស៊ី និង​បក្ខពួក ឆ្លងកាត់​ប្រទេស​ឡាវ ដើម្បី​ចូល​ទឹកដី​កម្ពុជា ឬក៏​យក​ទឹកដី​ឡាវ ដើម្បី​បង្កើត​ចលនា​ប្រឆាំង​កម្ពុជា​នោះទេ​។​

រីឯនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ក៏បាន​បញ្ជាក់ជំហរយ៉ាងច្បាស់ ក្នុងការ​អនុវត្ត​នូវធម្មនុញ្ញអាស៊ាន ហើយបដិសេធនូវការលើកឡើងថា ឡាវ យកកម្ពុជាជាចំណាប់ខ្មាំង ពាក់ព័ន្ធ​នឹងរឿងព្រំដែន ដែលថា បើសិនជាកម្ពុជា​មិនព្រមតាមឡាវទេ នោះឡាវ នឹង​អនុញ្ញាតឲ្យក្រុមទណ្ឌិត សមរង្ស៊ី ដែលកំពុងនៅប្រទេសបារាំង ប្រើប្រាស់ទឹកដីឡាវ ដើម្បីប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយសម្តេចតេជោ ហ៊ុនសែន​។

លោកនាយករដ្ឋមន្ត្រីឡាវ បញ្ជាក់ថា ឡាវត្រៀមខ្លួន​អនុវត្តនូវការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួន​ក្រុមទណ្ឌិត សមរង្ស៊ី បើសិនជាហ៊ានជាន់ដីឡាវមែននោះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com