ព្រំដែន​កម្ពុជា​-​ឡាវ ដោះស្រាយ និង​បោះបង្គោល​បាន ៨៦% ហើយ​សម្រេច​បន្ថែម​បង្គោល ដោយ​ចេញថ្លៃ​ចំណាយ​ពាក់កណ្តាល​ម្នាក់​

(​ភ្នំពេញ​)៖ បន្ទាប់ពី​ប្រជុំពិភាក្សា​ការងារ​រួចមក ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​មួយចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។ ក្នុងនោះ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំងពីរ បានប្រកាសថា បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ បាន​ដោះស្រាយ និង​បោះបង្គោល​សម្រេចបាន ៨៦% ហើយ​ថ្នាក់ដឹកនាំ​ទាំងពីរ ក៏បាន​សម្រេច​បោះបង្គោល​បន្ថែម​លើ​បណ្តោយ​ព្រំដែន ដោយ​ចេញថ្លៃ​ចំណាយ​ពាក់កណ្តាល​ម្នាក់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា យើង​បានសម្រេច​បោះបង្គោល​បន្ថែ​ម ដោយសារតែ​ព្រំដែន​រាប់រយ​គីឡូម៉ែត្រ យើង​មានតែ ១២១ បង្គោល​។ បង្គោល​ព្រំដែន​បន្ថែម​នេះ ត្រូវ​ស្រប​នឹង​បង្គោល​ចាស់​។ ចំណែក​ការចំណាយ គឺ​កម្ពុជា និង​ឡាវ ចេញ​ពាក់កណ្តាល​ម្នាក់​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ព្រំដែន ដែល​នៅ​សេសសល់ ១៤% មិនទាន់​ដោះស្រាយ និង​មិនទាន់​បោះបង្គោល គឺ​យើង​បានប្រគល់​ឲ្យ​ក្រសួងការបរទេស និង​ភាគី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ដោះស្រាយ​គ្នា​បន្ត​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ ប្រមុខ​ដឹកនាំ​កម្ពុជា និង​ឡាវ ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​នឹង​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ ផងដែរ​។ រហូតដល់​ពេលនេះ កម្ពុជា ទិញ​ថាមពល​អគ្គិសនី​ពី​ឡាវ រហូតដល់ ៣១០០ មេ​ហ្គា​វ៉ា​ត់​។ នាំ​ឲ្យ​កើនឡើង​នូវ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដោយសារតែ​កម្ពុជា​យើង ក្លាយជា​ប្រទេស នាំ​ថាមពល​អគ្គិសនី​ដ៏​ធំ​ពី​ឡាវ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com