អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ប្រកាសថា ប្រជាជន​កម្ពុជា ទទួលបាន​ផ្លែផ្កា​ពី​កំណើនសេដ្ឋកិច្ច​

(​ភ្នំពេញ​)៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានរៀបចំ​សន្និសីទកាសែត ស្តីពី កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ផល​លាភ​សមធម៌ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ក្នុង​សន្និសីទកាសែត​ប្រចាំ​សប្តាហ៍​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានប្រកាសថា ប្រជាជន​កម្ពុជា ទទួលបាន​ផ្លែផ្កា​ពី​កំណើនសេដ្ឋកិច្ច ដែល​ត្រូវបាន​ប៉ាន់​ស្មានថា សម្រេចបាន​អត្រា ៧,១% សម្រាប់​ឆ្នាំ​២០១៩​នេះ ដែលជា​កំណើន​ខ្ពស់​ជាងគេ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ​។​

​តាម​សេចក្តីប្រកាស កំណើនសេដ្ឋកិច្ច​កម្ពុជា​ដ៏​ល្អ​នៅ​ឆ្នាំ​២០១៩​នេះ មានការ​គាំទ្រ​ពី​វិស័យ​សេវាកម្ម និង​កំណើន​ដ៏​រឹងមាំ​ពី​វិស័យ​ឧស្សាហកម្ម ហើយ​អ្វី​ដែលជា​កត្តា​ចម្បង​នោះ គឺ​ស្ថិរភាព​នយោបាយ ដែល​បានផ្តល់​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅប្រទេស មក​បណ្តាក់ទុន​នៅ​កម្ពុជា​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​នៅក្នុង​វិស័យ​សំណង់ កម្មន្តសាល និង​សេវាកម្ម​ក៏ដូចជា​មានការ​កើនឡើង​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​ប្រកាសថា ស្ថានភាព​នៃ​ជីវភាព​ប្រជាជន​កម្ពុជា ជាទូទៅ មាន​ភាពល្អប្រសើរ ដោយសារតែ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ៗ ត្រូវបាន​រំពឹងថា នឹង​កើន​ឡើងដល់ ១៦៧៩ ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៩ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ មាន ១៥៤៨ ដុល្លារ​អាមេរិក​។ ចំណែក​អត្រា​នៃ​ភាពក្រីក្រ ត្រូវបាន​កាត់បន្ថយ​ម​ក​ក្រោម ១០%​។ ក្នុងនោះ ស្ថានភាព​ទីផ្សារការងា​រ​នៅ​កម្ពុជា មាន​លក្ខណៈ​វិជ្ជមាន ពីព្រោះ​ភាព​គ្មាន​ការងារ​ធ្វើ​នៅ​កម្ពុជា ក៏​កាន់​តែមាន​កម្រិត​ទាប​ប្រមាណ​ជា ០,៣% ប៉ុណ្ណោះ ខណៈដែល​ការងារ​ថ្មីៗ​ជាច្រើន​ទៀត ត្រូវ​បង្កើន​នៅក្នុង​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​សំណង់​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៏បាន​លើកឡើងថា មាន​ប្រជាជន​កម្ពុ​ជាជាង ២​លាន​នាក់ រាប់បញ្ចូល​ទាំង​កម្មករនិយោជិត អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន និង​ជនពិការ ទទួលបាន​ផលប្រយោជន៍​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​សស និង​មូលនិធិ​ជនពិការ ក៏ដូចជា​របប​គោលនយោបាយ​ជនពិការ​ក្រីក្រ នៅ​សហគមន៍​។ ប​សស បាន​ជួយ​សម្រួល​ដល់ក​ម្មករ​និយោជិត ដែលមាន​គ្រោះថ្នាក់​ពេល​បំពេញការងារ នៅតាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​ជាង ១៣​ពាន់​កន្លែង និង​មាន​វិសាលភាព​លើ​កម្មករនិយោជិត​ប្រមាណ ១,៧​លាន​នាក់​។

​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​មាតា និង​ទារក ដែល​បាន​ឧបត្ថម្ភ​ជូន​កម្មករនិយោជិត ជា​ស្ត្រី​សម្រាលកូន​ប្រមាណ ៩​ម៉ឺន​នាក់​រួចទៅហើយ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ តាមរយៈ​កម្មវិធី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​សស និង​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ សរុប​ជា​ទឹកប្រាក់​ប្រមាណ ៣៦​ពាន់​លាន​រៀល ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៨ ដល់​ខែមេសា ឆ្នាំ​២០១៩​។ ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏មាន​ការជួយឧបត្ថម្ភ​លើ​ផ្នែក​មួយចំនួនទៀត ដូចជា ការពង្រីក​ការតភ្ជាប់​បណ្តាញ​អគ្គិសនី ឲ្យ​ដល់​មូលដ្ឋាន​ភូមិ​ឃុំ និង​កាត់បន្ថយ​តម្លៃ​អគ្គិសនី​។ ទន្ទឹមនឹងនេះ ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ពី​ថ្នាក់ជាតិ ទៅ​ថ្នាក់ក្រោម​ជាតិ ត្រូវបាន​បង្កើន​ជា​បន្តបន្ទាប់ ក្នុងនោះ សម្រាប់​ឆ្នាំ​២០១៩ ថវិកា​រាជធានី​ខេត្ត មាន​ជិត ៣៦០​លាន​ដុល្លារ​។ សម្រាប់​មូលនិធិ​ក្រុង ស្រុក មាន​ជិត ៥០​លាន​ដុល្លារ និង​មូលនិធិ​ឃុំ​សង្កាត់ មាន​ជំនួយ​ជិត ១៣០​លាន​ដុល្លារ ហើយ​បាន និង​កំពុង​រៀបចំ​បង្កើន​មូលនិធិ ឃុំ​សង្កាត់ ផ្នែក​អភិវឌ្ឍន៍ ចាប់ពី​ឆ្នាំ​២០២០ តទៅ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com