សម្តេច​តេ​ជោ ហ៊ុន សែន​៖ ឯកឧត្តម ប៊ូ ថង ជា​ឥស្សរជន​ស្នេហា​ជាតិ​ដ៏​ឧត្តុង្គឧត្តម និង​ខិតខំ​លើកកម្ពស់​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​របស់​ជន​ជាតិ​ភាគតិច

(​ភ្នំពេញ​)៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ប៊ូ ថង សមាជិក​ព្រឹទ្ធសភា បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨២​ឆ្នាំ ដោយ​រោគាពាធ កាលពី​ម៉ោង ១ និង ២០​នាទី យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ ចំពោះ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ជូន​លោកជំទាវ ខាំ ភៀន ភរិយា​ឯកឧត្តម ប៊ូ ថង ព្រមទាំង​ក្រុមគ្រួសារ ដោយ​សម្តេច​តេ​ជោ និង​ភរិយា បាន​លើកឡើងថា សម្តេច​ក្តុកក្តួល និង​សោកស្តាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន ពេល​ទទួលដំណឹង​ដ៏​ក្រៀមក្រំ នៃ​មរណភាព​របស់​ឯកឧត្តម ប៊ូ ថង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​មរណភាព​របស់​ឯក​ឧ​ត្ត​ម គឺជា​ការបាត់បង់​ស្វាមី បិតា ជីតា ដែល​ប្រកបដោយ​ព្រហ្ម​វិហារធម៌ និង​ជាការ​បាត់បង់​ឥស្សរជន​ស្នេហា​ជាតិ​ដ៏​ឧត្តុង្គឧត្តម ដែល​បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និង​ហ៊ាន​បូជាជីវិត ក្នុង​បុព្វហេតុ​រំដោះ​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ហើយ​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុងការ​ស្តារ និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ទន្ទឹមនេះ ឯកឧត្តម​បាន​ខិតខំ​លើកកម្ពស់​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាងរ​បស់បង​ប្អូន​ជនជាតិភាគតិច ហើយ​បាន​ចូលរួម​ប្រែក្លាយ​តំបន់​ភូមិភាគ​ឦសាន ឲ្យ​ក្លាយជា​តំបន់​មានការ​អភិវឌ្ឍ​ដ៏​ឆាប់រហ័ស​។ ឯកឧត្តម បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន ក្នុង​ការបម្រើ​ស្ថាប័នព្រឹទ្ធសភា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា​»​។​

​ក្នុង​សារលិខិត នៅក្នុង​ឱកាស​ប្រកបដោយ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ភរិយា សូម​ចូលរួម​ចែករំលែក​នូវ​មរណទុក្ខ​ដោយ​ក្តី​ស្រណោះ និង​ការ​អាឡោះអាល័យ ជាមួយ​ភរិយា បុត្រាបុត្រី ព្រមទាំង​បងប្អូន​កូនក្មួយ​ទាំង​អស់នៃ​សព​ឯកឧត្តម ប៊ូ​ថង ដោយ​សេចក្តី​សង្វេគ​ជាទីបំផុត​។​

.​ជីវប្រវត្តិ​សង្ខេប​របស់លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង​៖
​កើត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៣៨ នៅ​ភូមិ​ការ​ចូ​ន ឃុំ​ការ​ចូ​ន ស្រុក​វឺ​ន​សៃ ខេត្តរតនគិរី លោក ប៊ូ ថង មានកូន ៥​នាក់​។ លោក​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅ​សាលា​នាយទាហាន​បំពេញវិជ្ជា ផ្នែក​យោធា នៅ​ប្រទេស​វៀតណាម ចន្លោះ​ពី​ឆ្នាំ​១៩៥៤-១៩៦១​។​

​នៅ​ឆ្នាំ​១៩៦២-១៩៦៥ លោក ប៊ូ ថង ជា​នាយទាហាន​ជើងគោក ផ្នែក​វិស្វកម្ម នៅ​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​១៩៦៨-១៩៧០ លោក ប៊ូ ថង ក៏បាន​ទទួល​ការបណ្តុះបណ្តាល នយោបាយ​ទាហាន​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​នយោបាយ​ជាន់ខ្ពស់ ប្រទេស​វៀ​ណា​ម​។​

​ដោយ​ចេះ​ភាសាបរទេស ៣ ភាសា គឺ​វៀតណាម ឡាវ និង​ថៃ លោក ប៊ូ ថង បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ក្នុងប្រទេស​កម្ពុជា​យើង នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០​។​

​នៅ​ចន្លោះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០-១៩៧៤ លោក ប៊ូ ថង ចូលរួម​ចលនា​តស៊ូ​រំដោះជាតិ នៅ​តំបន់​ភូមិភាគ​ឥសាន​។ ក្នុងនោះ នៅ​ឆ្នាំ​១៩៧១-១៩៧២ លោក ប៊ូ ថង ជា​មេបញ្ជាការ​យោធា ខេត្តរតនគិរី ហើយ​នៅ​ឆ្នាំ​១៩៧៤ លោក ជា​ជំនួយការ​យោធា​នយោបាយ​ភូមិភាគ​ឥសាន​។​

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៧៤ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ប្រឆាំង​ប៉ុលពត និង​ភៀសខ្លួន ទៅ​នៅ​ប្រទេស​វៀតណាម​។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥-១៩៧៧ លោក ប៊ូ ថង ជា​ប្រធាន​ជំរំ យ៉ាប​ក់ នៅ​ប្រទេស​វៀតណាម​។​

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៧-១៩៧៩ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ផ្តួលរំលំ​របប​ប៉ុលពត​។ ពី​ឆ្នាំ​១៩៧៩-១៩៨២ លោក ប៊ូ ថង ជា​ប្រធាន​ឃោសនា អប់រំ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៨២-១៩៨៧ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​។ ពី​ឆ្នាំ​១៩៨៨-១៩៩០ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​កងទ័ព​ប្រជាជន​កម្ពុជា នៅ​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​នៅ​ឆ្នាំ​១៩៨១-១៩៩៣ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តព្រះវិហារ ក្នុងសម័យ​សា​ធាណ​រដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៩៣-២០១២ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តរតនគិរី​។ ចាប់ពី​ឆ្នាំ​២០១២-២០១៨ លោក ប៊ូ ថង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​មណ្ឌល​ភូមិភាគ ទី​៨៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com