សមត្ថកិច្ចវៀតណាមរឹបអូសសមាសធាតុផលិតគ្រឿងញៀនរាប់តោននិងឃាត់ខ្លួន​ជនជាតិចិន៧នាក់​

(ហាណូយ)៖ សមត្ថកិច្ចវៀតណាមរឹបអូសសមាសធាតុផលិតគ្រឿងញៀនរាប់តោន និងឃាត់ខ្លួន​ជនជាតិចិនចំនួន៧នាក់​នៅរោងចក្រមួយកន្លែងក្នុងខេត្ត​ Kon Tum នៅតំបន់ខ្ពង់រាបភាគកណ្តាល។

​អនុប្រធាននាយកដ្ឋាននគរបាលស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀននៃក្រសួងសន្តិសុខសាធារណៈ​វៀតណាមបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយកាលពីថ្ងៃអង្គារថាប្រតិបត្តិការបង្ក្រាបសកម្មភាពខុសច្បាប់នោះត្រូវបានធ្វើឡើងនៅរោងចក្រ​ Dong An Vien Export-Import Company នៅថ្ងៃទី០៦ ខែសីហាកន្លងមក។ ហើយក្នុងនោះជនជាតិវៀតណាមចំនួន២ នាក់ក៏ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ឆែកឆេរនោះផងដែរ។​

ក្រៅពីឃាត់ខ្លួនបុរសជនជាតិចិនទាំងនោះសមត្ថកិច្ចវៀតណាមបានដកហូតសមាសធាតុផលិតគ្រឿងញៀនខុសច្បាប់​រាប់រយលីត្រ​ សារធាតុគីមីទម្ងន់១៣តោន និងគ្រឿងម៉ាស៊ីន​រួមទាំងឧបករណ៍ផលិត២០តោន។

គួរបញ្ជាក់ថា​ក្នុងរយៈពេល៩ខែ​នៃឆ្នាំនេះប្រទេសវៀតណាមបានបង្ក្រាបគ្រឿងញៀនចំនួន១៣ពាន់ករណី, ចាប់ខ្លួនមនុស្សជាង២ម៉ឺននាក់ និងរឹបអូសបានថ្នាំញៀនហេរ៉ូអ៊ីន៧៥០គីឡូក្រាម, កញ្ឆា ៥៧១គីឡូក្រាម និងថ្នាំញៀនសំយោគ ៥០ម៉ឺនគ្រាប់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com