ក្រសួង​អប់រំ បង្កើត​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន​ប្រឡង​បាក់​ឌុប​មួយចំនួន​

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​មួយចំនួន បាន​ប្រមូលផ្តុំ​តវ៉ា​នៅ​ក្រសួង​អប់រំ តាម​មហាវិថី​ព្រះ​នរោត្តម ខាងជើង​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​។ បេក្ខជន​មួយចំនួន បាន​តវ៉ា ដោយ​ពុំ​សុខចិត្ត​លើ​លទ្ធផល “​ធ្លាក់​” ហើយ​ក៏មាន​បេក្ខជន​មួយចំនួនទៀត ពុំ​សុខចិត្ត ដោយសារ​ទទួលបាន​និទ្ទេស​ត្រឹម B ឬ C ហើយ​ទាមទារ​យក​និទ្ទេស A​។

​ចំពោះ​ការតវ៉ា​របស់​បេក្ខជន​មួយចំនួន ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​បង្កើត​គណៈ​កម្ម​ការពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​របស់​បេក្ខជន ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ករណី​ទាំងនោះ ក្នុង​បំណង​ធ្វើ​ឲ្យ​បេក្ខជន និង​អ្នកអាណាព្យាបាល មាន​សេចក្តីទុកចិត្ត និង​ទទួលយក​លទ្ធផល​នៃ​ការប្រឡង​។​

​ជាថ្មី​ម្តងទៀត ក្រសួង​អប់រំ យុវជន និង​កីឡា បាន​គូសបញ្ជាក់​ដល់​បេក្ខជន​ទាំងអស់ ឲ្យ​ចងចាំ​ថា លទ្ធផល​ប្រឡង​បាក់​ឌុប កាលពី​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ ឆ្លុះបញ្ចាំង​សារៈសំខាន់ បីយ៉ាង គឺ​ទី​១-​អ្នកចេះ គឺជា​ប់ ទី​២-​ការប្រឡង បាន​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​ភាព​ទទួលយកបាន និង​ទី​៣-​លទ្ធផល​ប្រឡង ពុំមែន​ជាការ​កំណត់​វាសនា​រប​ស់​បេក្ខជន​ទេ ប៉ុន្តែ ជា​ការវាស់ស្ទង់​សមត្ថភាព និង​ជំរុញ​ឲ្យ​មានការ​ខំប្រឹង​បន្ត​ទៅមុខទៀត​។​

​យ៉ាងណាក៏ដោយ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួង​អប់រំ ក៏បាន​បញ្ជាក់​ជាថ្មី​ពី​ដំណើរ​ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ រាប់​តាំងពី​ដំណាក់កាល​សំណេរ ដំណាក់កាល​កំណែ និង​ដំណាក់កាល​បូក​ស្រង់​ពិន្ទុ គឺមាន​យន្តការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​យ៉ាង​ហ្មត់ចត់​ជាទីបំផុត​។ ពោលគឺ​មន្ត្រី​អប់រំ បាន​បំពេញភារកិច្ច​ក្នុង​ដំណើរ​ការប្រឡង​បាក់​ឌុប ដោយបាន​គោរព​តាម​កម្រង​ភារកិច្ច អនុលោម​ទៅតាម​គោលការណ៍​ច្បាប់ រក្សា​យុត្តិធម៌ និង​ការសម្ងាត់ ដែល​ធានាថា លទ្ធផល​នៃ​ការប្រឡង គឺអាច​ទទួលយកបាន​។​

​សូម​រម្លឹកថា ក្នុងចំណោម​បេក្ខជន ដែលមាន​វត្តមាន​ក្នុងការ​ប្រឡង ចំនួន ១១៥២០៨ នាក់ មាន​បេក្ខជន​ប្រឡង​ជាប់​សរុប ចំនួន ៧៩០៥២​នាក់ ដែល​ត្រូវជា ៦៨,៦២%​។ ក្នុងនោះ បេក្ខជន​ឆ្នើម បាន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com