នាយករដ្ឋមន្ត្រី​ឡាវ ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច ២​ថ្ងៃ នៅ​កម្ពុជា​

(​ភ្នំពេញ​)៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ធ្វើ​បដិសណ្ឋារកិច្ច​ផ្លូវការ ជូន​ដល់​ឯកឧត្តម ថង​លូន ស៊ី​ស៊ូ​លី​ត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ម៉ោង​ជិត ១០​ព្រឹក ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។

​នាយករដ្ឋមន្ត្រី​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​កម្ពុជា​។​ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីឡាវ បានបើកកិច្ចប្រជុំ​ពិភាក្សាការងារ មុននឹងធ្វើជាសាក្សី ក្នុងពិធី​ចុះហត្ថលេខា​​លើឯកសារមួយចំនួន​។

​ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេស បានប្រកាស នៅ​ថ្ងៃទី​១១​កញ្ញា​ថា ក្នុងអំឡុង​ទស្សនកិច្ច​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូលជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​តាម​សេចក្តីប្រកាស នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​ព្រំដែន​។ ក្រោយ​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ក្រសួងការបរទេស បន្ថែមថា ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មណ្ឌប​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រសួងការបរទេស បន្ថែមថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នៅ​កម្ពុជា នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា រវាង​កម្ពុជា និង​ឡាវ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com