អតីតរដ្ឋមន្ត្រី​ការពារជាតិ ឯកឧត្តម ប៊ូ ថង ទទួលមរណភាព ដោយ​ជរាពាធ នៅ​ម៉ោង ១ និង ២០​នាទី យប់​ថ្ងៃទី​១២​កញ្ញា​

(​ភ្នំពេញ​)៖ ឯកឧត្តម​ព្រឹទ្ធាចារ្យ ប៊ូ ថង អតីតរដ្ឋមន្ត្រី​ការពារជាតិ អតីត​តំណាងរាស្ត្រ និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​ម៉ោង ១ និង ២០​នាទី យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​។ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឥស្សរជន​ម្នាក់ ដែល​មួយជីវិត​របស់​ឯកឧត្តម​ព្រឹទ្ធាចារ្យ បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​។​

.​ជីវប្រវត្តិ​សង្ខេប​របស់លោក​ព្រឹទ្ធាចារ្យ ប៊ូ ថង​៖
​កើត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៣៨ នៅ​ភូមិ​ការ​ចូ​ន ឃុំ​ការ​ចូ​ន ស្រុក​វឺ​ន​សៃ ខេត្តរតនគិរី លោក ប៊ូ ថង មានកូន ៥​នាក់​។ លោក​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​នៅ​សាលា​នាយទាហាន​បំពេញវិជ្ជា ផ្នែក​យោធា នៅ​ប្រទេស​វៀតណាម ចន្លោះ​ពី​ឆ្នាំ​១៩៥៤-១៩៦១​។

​នៅ​ឆ្នាំ​១៩៦២-១៩៦៥ លោក ប៊ូ ថង ជា​នាយទាហាន​ជើងគោក ផ្នែក​វិស្វកម្ម នៅ​ប្រទេស​វៀតណាម​។ នៅ​ឆ្នាំ​១៩៦៨-១៩៧០ លោក ប៊ូ ថង ក៏បាន​ទទួល​ការបណ្តុះបណ្តាល នយោបាយ​ទាហាន​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​នយោបាយ​ជាន់ខ្ពស់ ប្រទេស​វៀ​ណា​ម​។​

​ដោយ​ចេះ​ភាសាបរទេស ៣ ភាសា គឺ​វៀតណាម ឡាវ និង​ថៃ លោក ប៊ូ ថង បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ក្នុងប្រទេស​កម្ពុជា​យើង នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០​។​

​នៅ​ចន្លោះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៧០-១៩៧៤ លោក ប៊ូ ថង ចូលរួម​ចលនា​តស៊ូ​រំដោះជាតិ នៅ​តំបន់​ភូមិភាគ​ឥសាន​។ ក្នុងនោះ នៅ​ឆ្នាំ​១៩៧១-១៩៧២ លោក ប៊ូ ថង ជា​មេបញ្ជាការ​យោធា ខេត្តរតនគិរី ហើយ​នៅ​ឆ្នាំ​១៩៧៤ លោក ជា​ជំនួយការ​យោធា​នយោបាយ​ភូមិភាគ​ឥសាន​។​

​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​១៩៧៤ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ប្រឆាំង​ប៉ុលពត និង​ភៀសខ្លួន ទៅ​នៅ​ប្រទេស​វៀតណាម​។ នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥-១៩៧៧ លោក ប៊ូ ថង ជា​ប្រធាន​ជំរំ យ៉ាប​ក់ នៅ​ប្រទេស​វៀតណាម​។​

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៧-១៩៧៩ លោក ប៊ូ ថង បាន​ចូលរួម​ចលនា​ផ្តួលរំលំ​របប​ប៉ុលពត​។ ពី​ឆ្នាំ​១៩៧៩-១៩៨២ លោក ប៊ូ ថង ជា​ប្រធាន​ឃោសនា អប់រំ​ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៨២-១៩៨៧ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ​។ ពី​ឆ្នាំ​១៩៨៨-១៩៩០ លោក ប៊ូ ថង ជា​ឧបនាយករដ្ឋមន្ត្រី អគ្គស្នងការ​នគរបាល​កងទ័ព​ប្រជាជន​កម្ពុជា នៅ​ក្រសួងការពារជាតិ​កម្ពុ​ជា​។​

​នៅ​ឆ្នាំ​១៩៨១-១៩៩៣ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តព្រះវិហារ ក្នុងសម័យ​សា​ធាណ​រដ្ឋ​ប្រជាមានិត​កម្ពុជា និង​សម័យ​រដ្ឋ​កម្ពុជា​។​

​នៅ​ឆ្នាំ​១៩៩៣-២០១២ លោក ប៊ូ ថង ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្តរតនគិរី​។ ចាប់ពី​ឆ្នាំ​២០១២-២០១៨ លោក ប៊ូ ថង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​មណ្ឌល​ភូមិភាគ ទី​៨៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com