ព្រឹកនេះ! ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវចូលបំភ្លឺរឿងឲ្យដីរដ្ឋជិត១ម៉ឺនហិកតាទៅក្រុមហ៊ុនវៀតណាមនៅខេត្តមណ្ឌលគិរី

(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច ត្រូវចូលបំភ្លឺពាក់ព័ន្ធរឿងផ្តល់ដីរដ្ឋជិត១ម៉ឺនហិកតាទៅក្រុមហ៊ុនវៀតណាម ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី តាមដីកាកោះហៅរបស់លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

ឯកឧត្តម ចាន់ សាវុឌ្ឍ ត្រូវចូលបំភ្លឺក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២១៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធ ករណីផ្តល់ការអនុញ្ញាតជំហានទី១ នូវដីធ្លី ចំនួន ១,០០០ ហិកតា ក្នុងអនុតំបន់ I , អនុតំបន់ II ចំនួន ២,០០០ ហិកតា , អនុតំបន់ III ចំនួន ២;០០០ ហិកតា , អនុតំបន់ IV ចំនួន ២,០០០ ហិកតា និងអនុតំបន់ V ចំនួន ២,៧៤១ ហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត (Pacific Grand Joint-stock Company Limited) មានថៅកែឈ្មោះ ផាម កុក ឡុង (PHAM QUOC LONG) ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិវៀតណាម ដែលកំពុងរត់គេចខ្លួន ពីការតាមចាប់របស់សមត្ថកិច្ចខ្មែរ។

ការចូលឆ្លើយបំភ្លឺរបស់ ឯកឧត្តម ចាន់ សាវុឌ្ឍ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការខេត្តមណ្ឌលគិរី ធ្លាប់បានកោះអញ្ជើញ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ឲ្យចូលបំភ្លឺរួចរាល់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។

ជុំវិញករណី ប្រគល់ដីធ្លីជិត ១ម៉ឺនហិកតា ឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត (Pacific Grand Joint-stock Company Limited) នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី នេះលោកព្រះរាជអាជ្ញារង ម៉ម វ៉ាន់ដា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ធ្លាប់បានប្រាប់ Swift News ថា ការកោះហៅមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលបំភ្លឺបែបនេះ គឺក្នុងនាមជាមន្ត្រីជំនាញតែប៉ុណ្ណោះ។

យោងតាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការកោះហៅ ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច និង ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ អាចផ្តើមចេញពីយុទ្ធនាការចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងទឹកដីភូមិភាគ ឦសាន កាលពីពេលថ្មីៗនេះ ដែលមានការដឹកនាំ និងបញ្ជាផ្ទាល់ដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះ ក្រៅពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម ក៏មានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ, ថៅកែក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចជាជនជាតិចិន, មន្ត្រីក្រសួងមរិស្ថាន និងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើជាង ២០នាក់ទៀត ក៏ត្រូវតំណាងអយ្យការកោះហៅឲ្យចូលខ្លួនបំភ្លឺផងដែរ ខណៈដែល ឧកញ៉ា ស៊ឹង សំអុល ថៅកែឈើប្រចាំខេត្តមណ្ឌលគិរី និងកូនចៅ ៣នាក់ទៀត រួមជាមួយមន្ត្រីជំនាញព្រៃឈើ ២នាក់ និងជនជាតិវៀតណាម ២នាក់ផង ត្រូវបានតុលាការខេត្តមណ្ឌលគិរីឃុំខ្លួនជាបណ្តោះអាសន្ន ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ។

ពាក់ព័ន្ធ បទល្មើសដីធ្លីនៅក្នុងមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏ទើបតែចេញលិខិតដកហូតដីជិត ១,០០០ហិកតា ពីអតីតឯកឧត្តម សេង សុវណ្ណារ៉ា ដែលជាអតីតអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក្រោយពីសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដក អតីតឯកឧត្តម សេង សុវណ្ណារ៉ា ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com