អ្នកជំនាញអំពាវនាវឲ្យអ្នកប្រកបរបរទីផ្សារបណ្តាញប្រយ័ត្នគ្រោះថ្នាក់ និងត្រូវរៀនសូត្រឲ្យបានត្រឹមត្រូវ!

(ភ្នំពេញ)៖ ស្របពេលដែលទីផ្សារបណ្តាញនៅប្រទេសកម្ពុជាកំពុងមានសកម្មភាពយ៉ាងផុលផុស ហើយអ្នកប្រកបរបរទីផ្សារបណ្តាញជួបបញ្ហាប្រឈមច្រើននៅចំពោះមុខនោះ អ្នកជំនាញបានអំពាវនាវឱ្យចូលរៀនវគ្គបណ្តុះបណ្តាល និងបង្កើនសមត្ថភាពត្រឹមត្រូវចៀសវាង បង្កហានិភ័យខ្លួនឯងនិងសង្គមជាតិ។

ពាក់ព័ន្ធនឹងទីផ្សារបណ្តាញកម្ពុជាបច្ចុប្បន្ននេះ លោក ឡី សុភាព ប្រធានសមាគម អ្នកទីផ្សារបណ្តាញកម្ពុជា និងជានាយកវិទ្យាស្ថានអាជីវកម្មអន្តរជាតិ លោកបានកត់សម្គាល់ឃើញថា អាជីវករ ដែលកំពុងប្រត្តិបត្តិការអាជីវកម្មបណ្តាញបច្ចុប្បន្ននេះនៅមានកង្វះការអប់រំ ចំណេះដឹងវិជ្ជាជីវៈច្បាស់លាស់ដែលធ្វើឱ្យងាយបង្កហានិភ័យ បង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ និងពិសេសផ្លូវច្បាប់ថែមទៀត។

ដោយសារផ្តើមចេញពីបញ្ហានេះ លោកបានអំពាវនាវឱ្យអ្នកប្រកបលើមុខរបរនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយព្រមជាមួយគ្នាដើម្បីចៀសវាងកំហុសឆ្គង ពួកគេត្រូវមករៀនសូត្រឲ្យបានត្រឹមត្រូវ ហើយអ្វីដែលសំខាន់នោះ គឺត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងមានវិញ្ញាប័ណ្ណបត្របញ្ជាក់ពីជំនាញអាជីវកម្មទីផ្សារបណ្តាញ។

«យើងឃើញថាទីផ្សារ បណ្តាញយើងបច្ចុប្បន្នមានអ្នកប្រកបមុខរបរនេះច្រើន តែពួកគាត់មិនបានយល់ដឹងពីបញ្ហាហានិភ័យនោះទេ។ ហេតុនេះមានតែ ការទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈនេះប៉ុណ្ណោះទើបអាចចៀស ផុតពីរឿងធំៗក្នុងនេះ។ បើក្រុមហ៊ុនដែលមិនមានប្រភពច្បាស់លាស់ ការចែកភាគលាភ និងប្រយោជន៍មិនសមភាពបានត្រឹមសន្យាខ្យល់ ហើយបិទទៅបាត់ទៅ។ មួយវិញទៀត អ្នកប្រកបអាជីវកម្មទីផ្សារបណ្តាញ អាចនិយាយលើស ឬចាញ់បោកតគ្នា និងបោកប្រាស់តគ្នា ដោយមិនដឹងខ្លួន»។

លោកបានបន្តថា ចំពោះការទទួលបានការបណ្តុះបណ្តាលនេះ ធ្វើឲ្យយើងដឹងមិនអាចឲ្យគេមកបោកប្រាស់បាន ហើយការនិយាយស្តី អំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដែលយើង កំពុងប្រត្តិបត្តិការនេះ ឃោសនាបានត្រឹមត្រូវ មិនពន្លើសការពិត ធ្វើឲ្យទីផ្សារកាន់តែល្អប្រសើរ ក្នុងការប្រកបអាជីវកម្មទីផ្សារបណ្តាញ ទាំងខ្នាតតូច និងមធ្យម ដោយធ្វើឲ្យអតិថិជន កាន់តែមានជំនឿ និងអាជីពមួយនេះកាន់តែរឹងមាំ។ «ក្នុងនាមប្រធានសមាគម អ្នកទីផ្សារបណ្តាញកម្ពុជា ខ្ញុំចង់ឲ្យ មានការអភិវឌ្ឍដែលធ្វើឲ្យយុវជន និងប្រជាពលរដ្ឋប្រកបអាជីវកម្មខ្នាតតូច និងមធ្យមមានជំនាញវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យបានត្រឹមត្រូវ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល» ។

ឯលោក លី ស៊ីនន្ទ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន NSZ World បានគាំទ្រអំពាវនាវរបស់សមាគមអ្នកទីផ្សារបណ្តាញកម្ពុជា ដោយបានបញ្ជូន និងបញ្ជ្រៀបទៅដល់សមាជិក អ្នកប្រកបអាជីវកម្មទីផ្សារ បណ្តាញចូលរួម វគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ ច្បាប់បទដ្ឋានគតិយុទ្ធ ពីអាជីវកម្មទី ផ្សារបណ្តាញនៅកម្ពុជា ។

លោកបានបញ្ចាក់ផងថា ដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេ ក្រុមហ៊ុនលោកបានប្រែក្លាយជាក្រុមហ៊ុនស្របច្បាប់ ដើម្បីបញ្ជៀសហានិភ័យទៅថ្ងៃមុខ សម្រាប់អ្នកទីផ្សារបណ្តាញខ្លួនឯង និងប្រជាជនកម្ពុជាផងដែរ។

គួរបញ្ជាក់ថា ធុរកិច្ចទីផ្សារបណ្តាញ ឬហៅ ថា MLM (Multi-level-Marketing) គឺជាការធ្វើទីផ្សារទំនិញ ឧបភោគ បរិភោគ ក្នុងលក្ខណៈ នៃការលក់ពីបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់ទៀត ដោយក្រុមហ៊ុន ឬសហគ្រិន នឹងផ្តល់ឱកាស ក្នុងការធ្វើធុរកិច្ច ដល់អ្នកលក់សេរី និងមនុស្សគ្រប់គ្នា មិនថាអ្នកនោះជានរណា ឬបញ្ចប់ការសិក្សាកម្រិតណានោះទេ គឺអាចចូលរួម ធ្វើធុរកិច្ចទីផ្សារបណ្តាញ បានទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com