សមត្ថកិច្ចកម្ពុជា ប្រគល់រថយន្តឲ្យជនជាតិថៃវិញ ក្រោយពីចោរលួចមកលាក់ក្នុងទឹកដីកម្ពុជា ដោយមិនរំខានសមត្ថកិច្ចតាមព្រំដែន

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចកម្ពុជា បានប្រគល់រថយន្តសេរីទំនើបមួយគ្រឿងទៅឲ្យម្ចាស់ដើម ជាជនជាតិថៃវិញ ក្រោយពីក្រុមចោរបានលួចមកលាក់ទុកក្នងទឹកដីកម្ពុជា កាលពីសម្តាហ៍មុន ប៉ុន្តែមិនអាចរកមុខចោរឃើញឡើយ។

យោងតាមបណ្តឹងជនរងគ្រោះជាជនជាតិថៃ ដែលបានប្តឹងសមត្ថកិច្ចកម្ពុជា ឲ្យជួយរករថយន្តម៉ាក តូយូតា អាល់ហ្វាដ (TOYOTA ALPHARD) សេរីថ្មីមួយគ្រឿង មានបំពាក់ប្រព័ន្ធ GPS បានឲ្យដឹងថា រថយន្តនេះស្ថិតនៅក្នុងទឹកដីកម្ពុជា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រកឃើញលាក់ទុកក្នុងព្រៃជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តជាជនជាតិថៃឈ្មោះ ជីរ៉ាវ៉ាត់ លើតកាសុីត ភេទប្រុស បានបាត់រថយន្ត០១គ្រឿងម៉ាក តូយូតា អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងថេបមហាណាកន ស-៥០៨៤ ដែលបើតាមការឆែក GPS របស់ម្ចាស់រថយន្តបានឱ្យដឹងថា រថយន្តនេះពិតជាស្ថិតនៅក្នុងទឹកដីកម្ពុជា ទើបដាក់ពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈការិយាល័យទំនាក់ទំនងរួចមក លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យគ្រប់បណ្ដាបញ្ជាការមូលដ្ឋានក្រុង-ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវសា្រវជ្រាវរុករករថយន្ត ដែលមានភិនភាគខាងលើ។

សូមរំឭកថា ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តផងនោះ ទើបកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងស្នាក់ការសន្តិសុខ៩៩៩ ដែលឈរជើងនៅច្រកព្រំដែនបឹងត្រគួន ដឹកដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការស្រាវជ្រាវរុករករហូតរកឃើញរថយន្ត០១គ្រឿងនេះ នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិក្ដិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីរកឃើញរថយន្តនេះ ដែលជាប់សោរ ទើបលោករាយការណ៍ជូនលោកឧត្តមសេនីយ៍មេបញ្ជាការ ដើម្បីយករថយន្តមកស្ទូចដឹកយកទៅរក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរក្សាទុកបណ្ដោះអាសន្ន។

សមត្ថកិច្ចនៃប្រទេសទាំងពីរ មិនដឹងចោរថៃ ឬជាចោរខាងណាជាអ្នកលួច និងសមត្ថកិច្ចព្រំដែនណាបើកភ្លើងខៀវ ទើបបានជារថយន្តមួយគ្រឿងសេរីទំនើប អាចឆ្លងព្រំដែនចូលកម្ពុជាបាន ទោះបីមានការយាមការយ៉ាងតឹងរឹងពីសមត្ថកិច្ចនៃប្រទេសទាំងពីរក៏ដោយ៕ (SN-ចេស្តា)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com