ឯកឧត្តម ប្រាក់ សុវណ្ណ ចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋចំនួន៣២២គ្រួសារ

(ព្រះវិហារ)៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានចែកវិញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់ពលរដ្ឋចំនួន៣២២គ្រួសារ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ មានប្រារព្ធពិធីចែកវិញ្ញាប័ណ្ណបត្រសំគាល់ម្ចាស់អចលនវត្ថុ ក្រោមអធិបតីភាពឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីលោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៃនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលស្ថិតនៅក្នុងបរិវេណសាលាស្រុកគូលែន។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថាក្នុងយុទ្ធនាការអនុវត្តនយោបាយចាស់សកម្មភាពថ្មីលើ វិស័យដីធ្លីកន្លងទៅគឺជាជំហានមួយថ្មី នៃកំណែទម្រង់ដីធ្លីស៊ីជម្រៅដើម្បី ដោះស្រាយស្ថានភាពនៃការកាន់កាប់ដីធ្លីឲ្យមានសុវត្ថិភាពរឹងមាំធ្វើឲ្យកសិករមាន ដី កសិកម្មដើម្បីធ្វើអាជីវកម្មលើកកម្ពស់ជីវភាពរស់នៅដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

តាមរបាយការណ៍របស់មន្ត្រីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដីខេត្តបង្ហាញឲ្យឃើញថាសម្រាប់ខេត្តព្រះវិហារយើងបានចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨៥៥៨គ្រួសារស្មើនឹង៣០៩៦៦ក្បាលដី ស្មើនឹងទំហំ៦០០៦១ហិតារួចមកហើយ។

ឯកឧត្តម បានបន្តទៀតថានៅរសៀលថ្ងៃនេះពិធីចែកវិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៧៤៤ក្បាលដី ដែលមានទំហំ៤១១៤៧ហិតា ជូនប្រជាពលរដ្ឋចំនួន៥៨៧គ្រួសារ ក្នុងនោះភូមិស្របាលចំនួន៣៨២ក្បាលដី ដែលមានផ្ទៃដីទំហំ១២៩៩៣ហិតា ជូនប្រជាពលរដ្ឋចំនួន៣២២ គ្រួសារ និងភូមិឈូកចំនួន៣៦២ក្បាលដី ដែលមានផ្ទៃដីទំហំ២៨១៥៤ហិតា ជូនប្រជាពលរដ្ឋចំនួន២៦៥គ្រួសារផងដែរ។

នៅក្នុងឱកាសនោះដែរឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានទទួល ប័ណ្ណកម្មសិទ្ធិដីធ្លី គឺពិតជាធ្វើឲ្យដីក្លាយជាទ្រព្យដ៏មានតម្លៃដើម្បីប្រើប្រាស់សម្រាប់ការទទួលបានទុនពីធនាគារដើម្បីយកមកអភិវឌ្ឍជីវភាពរស់នៅនិងផលប្រយោជន៍ខាងផ្លូវច្បាប់ជាច្រើនផ្សេងទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនេះត្រូវ បន្តអាជីវកម្ម ឬបង្កបង្កើនផលលើដីនេះប្រសើរជាងការលក់ដីដែលអាចទទួលបានផលតែម្ដងហើយនឹងបាត់បង់ផលនោះជារៀងរហូតមានន័យថាបើមិនចាំបាច់ទេសូមបងប្អូនកុំលក់ដីហើយត្រូវរក្សាទុកដីនេះឲ្យបានគង់វង្សនិងសុវត្ថិភាព។ ហើយចំពោះករណីការចូលទន្ទ្រានដីរដ្ឋ បោះអង្គោលលើដីរដ្ឋថ្មីៗត្រូវហាមឃាត់ជាដាច់ខាត។

លោក សំ សារឿន ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់នឹងសូរិយោដីខេត្តព្រះវិហារបានឲ្យដឹងដែរថាសម្រាប់ការចែកវិញ្ញាប័ណ្ណបត្រសំគាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺមានរយៈពេល៣០ ថ្ងៃគិតចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោកមានសង្ឃឹមយ៉ាងមុតមាំថា ក្នុងរយៈពេល៣០ថ្ងៃនេះ គឺជាពេលដ៏មានសារៈសំខាន់បំផុតគ្រប់ស្ថាប័នរដ្ឋឯកជនព្រមទាំងបងប្អូនប្រជាពរដ្ឋដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះសូមចូលរួមទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឲ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com