សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសម្ដែងគួរសម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចូលជួបសម្ដែងគួរសម មុនពេលចេញដំណើរទៅចូលរួមក្នុងវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន។

ជាកិច្ចចាប់ផ្ដើមនៃជំនួបដ៏មានសារៈសំខាន់នេះ ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដែលក៏ដូចជារៀងរាល់ឆ្នាំ សម្ដេចតែងតែចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យសមាគមដឹកនាំប្រតិភូនាវាយុជនអាស៊ីអាគ្នេយ៍ និងជប៉ុន ចូលជួបសម្ដែងការគួរសម។

ប្រធានសមាគមបានជម្រាបសម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសនៃការជួបសម្ដែងការគួរសមនេះ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានទទួលនូវដំបូន្មាន អនុសាសន៍ល្អៗ ជាដើមទុនដ៏មានតម្លៃដល់យុវជនទាំងអស់ ដែលនេះជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ ការផ្ដល់កិត្តិយស និងការលើកទឹកចិត្ត មិនអាចកាត់ថ្លៃបានរបស់សម្ដេច។

ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ក៏បានជម្រាបជូនសម្ដេចអំពីប្រវត្តិ និងសកម្មភាពនានាជាបន្តបន្ទាប់របស់សមាគម និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ពិសេសបានធ្វើឲ្យយុវជនប្រទេសជាសមាជិកបានស្គាល់ យល់ដឹង ចងចាំ អំពីប្រវត្តិសាស្រ្ត វប្បធម៌ សង្គម សេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាទៅកាន់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ថាពីមួយឆ្នាំទៅមួយឆ្នាំធនធានមនុស្សកម្ពុជាកាន់តែមានការរីកចំរើន ដែលបង្ហាញឲ្យឃើញតាមរយៈចំនួនដ៏ច្រើន នៃសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប និស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀថាផ្លែផ្កានៃការអភិវឌ្ឍធនធានមនុស្សនេះ គឺកើតចេញពីកត្តាសុខ សន្តិភាព ដែលរាជរដ្ឋាភិបាលបាន និងកំពុងថែរក្សា តាមរយៈការអនុវត្តគោលនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងថាបច្ចុប្បនេះ មានក្រុមអ្នកនយោបាយក្រៅច្បាប់មួយចំនួន បានព្យាយាមបង្កអស្ថេរភាព តាមរយៈការប៉ុនប៉ងធ្វើសកម្មភាពដែលផ្ទុយពីប្រជាធិបតេយ្យ។

សម្ដេច បានមានប្រសាស៍ថារាជរដ្ឋាភិបាល បានដឹកនាំការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ដើម្បីថែរក្សាសេចក្ដីសុខ និងសន្តិភាព ឈានទៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលបានចាត់តាំងក្រុមការងារចុះធ្វើវេទិការសាធារណៈនៅគ្រប់មូលដ្ឋានប្រជាពលរដ្ឋ ដើម្បីដោះស្រាយកង្វល់ និងសំណូមពររបស់ពួកគាត់។

ពាក់ព័ន្ធនឹងការចេញទៅចូលរួមកម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ណែនាំឲ្យប្រតិភូនាវាយុវជន ខិតខំប្រឹងប្រែងរក្សាតម្លៃខ្លួនយើងឲ្យល្អ ទទួលយកបទពិសោធន៍ពីកម្មវិធីនានាដែលភាគីជប៉ុនបានរៀបចំ រក្សាមិត្តិភាព និងសាមគ្គីភាពជាមួយក្រុមយុវជនផ្សេងទៀត និងត្រូវផ្សព្វផ្សាយអំពីប្រទេសកម្ពុជាទៅកាន់យុវជនផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com