អភិបាលស្រុកបូរីជលសារ ដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសជលផល ក្នុងរដូវហាមឃាត់

(តាកែវ)៖ អភិបាលស្រុកបូរីជលសារ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោក ទុយ សុភ័ក្រ្ត បានដឹកនាំកម្លាំងចម្រុះរបស់ស្រុក បង្រ្កាបបទល្មើសនេសាទ និងដកហូតសម្ភារៈល្មើសច្បាប់ ព្រមទាំងបានដោះលែងកូនត្រីប្រមាណជាង ៤០០គីឡូក្រាម ចូលទៅបឹងវិញ។

ការបង្រ្កាបបទល្មើសនេសាទនេះ ត្រូវបានធ្វើឡើង នៅចំណុចសហគមន៍នេសាទបូរីជលសារ ក្នុងឃុំគោកពៅធិស្រុកបូរីជលសារ ខេត្តតាកែវ។

លោក ទុយ សុភ័ក្រ បានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានបង្រ្កាបបទល្មើសនេសាទ ខុសច្បាប់ នៅរដូវបិទនេសាទ ដោយរឹបអូសបានសែយើនស្បៃមុងចំនួន៨៥មាត់លូ, របាំងមុងប្រវែង១៨០០ម៉ែត្រ, បង្គោលឫស្សីចំនួន១១០០ដើម និងផលនេសាទចម្រុះប្រមាណជាង៤០០គីឡូក្រាម ដោយយកទៅដោះលែងចូលផ្ទៃបឹងវិញ ដើម្បីជាប្រយោជន៍សាធារណៈក្នុងសហគមន៍។

លោកអភិបាលស្រុក បានបន្តថា កំម្លាំងចម្រុះនឹងបន្តត្រួតពិនិត្យ និងបង្រ្កាបរាល់បទល្មើសនេសាទខុសច្បាប់ នៅតាមបន្ទាត់ព្រំដែន ហើយត្រូវតែរុះរើរាល់ឧបករណ៍នេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទ ជាពិសេស ត្រូវទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យលួចចាប់កូនត្រី នៅក្នុងរដូវបិទនេសាទនេះ តែម្តង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុកបូរីជលសារ បានថ្លែងថា កន្លងមកអាជ្ញាធរស្រុក រួមជាមួយសហគមន៍នេសាទ តែងតែផ្សព្វផ្សាយ អប់រំអំពីច្បាប់ស្ដីពីជលផល និងផលប៉ះពាល់នានា ដល់ពលរដ្ឋតាមមូលដ្ឋាន នៅក្នុងរដូវបិទនេសាទនេះ ដើម្បីទប់ស្កាត់ ហាមប្រជាពលរដ្ឋ កុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់៕ (SN- ស្នា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com