រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា​ ទទួលគោរមងារជា​ «វិស្វករកិត្តិយសជាន់ខ្ពស់​ថ្នាក់ឧត្តុង្គឧត្តម»​ ពីអង្គការ​សហព័ន្ធវិស្វកម្ម​អាស៊ាន​

(ឥណ្ឌូនេស៉ី)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានគោរព ប្រគល់ជូន ឯកឧត្តមបណ្ឌិត អ៊ិត​ សំហេង នាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជានាពេលកន្លងមក ព្រមទាំង ឯកឧត្តមជាឥស្សរជនជាន់ខ្ពស់ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជា។

ពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) ក្រោមវត្តមានអញ្ជើញចូលរួមបើកដោយ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៉ី​ នាថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី​។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានាធិបតី​នៃសាធារណរដ្ឋឥណ្ឌូនេស៉ី​ ក៏ទទួលបាន​ គោរមងារ​ ​«វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com