វិ​ដេ​អូ​៖ សា​ឡង់​ដឹក​ខ្សាច់ បុក​ជាប់​សសរស្ពាន​ព្រែ​កតា​មាក់ យក​មិន​ចេញ​!

(​ភ្នំពេញ​)៖ សា​ឡង់​ដឹក​ខ្សាច់ ១​គ្រឿង ចំណុះ​ប្រមាណ ៨០០ តោន បាន​បុក​គាប​ជាប់​នឹង​សសរស្ពាន​ព្រែក​តា​មាក់ នៅ​ទន្លេមេគង្គ ក្នុង​ខេត្តកណ្តាល កាលពី​ថ្ងៃអាទិត្យ ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៩​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា សា​ឡង់​ដឹក​ខ្សាច់​មួយគ្រឿង​នេះ បើកបរ​ដោយ​ឈ្មោះ ភា រម្យ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រួម​ដំណើរ​ដោយ​ប្រពន្ធ និង​កូន ធ្វើដំណើរ​តាម​បណ្តោយ​ខ្សែទឹក​ពី​ត្បូង​ទៅ​ជើង បាន​បើក​បុក​សសរស្ពាន​ទី​៨ នៃ​ស្ពាន​ព្រែក​តា​មាក់ ទើរ​ជាប់​នឹង​សរសេរ (​ស្ថិតនៅ​ចន្លោះ​សសរស្ពាន​សម្រាប់ធ្វើ​នាវាចរណ៍​) ដោយសារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយគ្រឿង​ទៀត មាន​ផ្ទុក​មនុស្ស​ច្រើន បើកប​ញ្ជ្រា​សទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ហើយ​ត្រូវបាន​ជួយសង្គ្រោះ ដោយ​ទូក​នេសាទ​របស់​បងប្អូន​ខ្មែរឥស្លាម​។​

​នៅ​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ បន្ត​ដល់​ព្រឹក​ថ្ងៃទី​១១​កញ្ញា​នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជិះ​កាណូត ពិនិត្យ​ផ្ទាល់ និង​ដឹកនាំ​កម្លាំង​ជំនាញ ទាញ​សា​ឡង់​នោះ តែ​នៅតែ​មិនអាច​រក​វិធី ទាញ​ចេញពី​សសរស្ពាន​បានឡើយ​។ មូលហេតុ ត្រូវបាន​មន្ត្រី​ជំនាញ​ថា មកពី​ទឹក​ហូរ​បុក​ខ្លាំង​។​

​ក្នុងនោះ ក្រុមការងារ​បច្ចេកទេស​ជួយសង្គ្រោះ​របស់​ក្រសួង រួមជាមួយ​នឹង​អាជ្ញាធរ​ខេត្តកណ្តាល និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បាន​ប្រជុំពិភាក្សា​រិះរក​មធ្យោបាយ ដើម្បី​ទាញ​រំដោះ​យកសា​ឡង់​នោះ ចេញពី​ជើង​សសរស្ពាន ដោយ​ប្រើ​នាវា​សណ្តោង ៣​គ្រឿង ក្នុងនោះ​៖ នាវា​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ចំនួន ២​គ្រឿង និង​នាវា​ក្រុមហ៊ុន Sovereign ចំនួន​មួយគ្រឿង រួមជាមួយ​នាវា​បូម​ខ្សាច់​មួយគ្រឿង​ទៀត ដើម្បី​សម្រាល​បន្ទុក​នាវា ប៉ុន្តែ​ដោយសារ​សា​ឡង់​ដឹក​ខ្សាច់​នោះ មាន​ទម្ងន់​ធ្ងន់​ពេក រួមជាមួយ​នឹង កម្លាំង​ទឹក​ហូរ​គួច​ខ្លាំង ប្រតិបត្តិការ​ធ្វើឡើង​នៅពេល​យប់ និង​ស្ថាន​ភាពមិន​អំណោយផល​ផង ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ មិនអាច​ទាញ​រំដោះ​យកសា​ឡង់​ដឹក​ខ្សាច់​នោះ​ចេញ​បានទេ​។

​សា​ឡង់​ដឹក​ខ្សាច់​នោះ ពាក់​ស្លាក​លេខ ភព​៦. ៨២៦៣ សំបក​ដែក ម៉ាស៊ីន​ម៉ាក Mitsubishi មាន​បណ្តោយ ប្រវែង ៤៣,៣០​ម៉ែត្រ ទទឹង ៨,០៥ ម៉ែត្រ ជម្រៅ​ផ្ទុក​ខ្សាច់​ពេញ ២,៥០​ម៉ែត្រ តាម​ការប៉ាន់ស្មាន​មាន​ទម្ងន់ សរុប​ប្រហែល ៨០០​តោន ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ង៉ូ​វ ចាន់ណា បាន​ចុះបញ្ជី​ការ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១០៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com