នាយករដ្ឋមន្ត្រី​ឡាវ នឹង​មក​ភ្នំពេញ ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៣​កញ្ញា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​

(​ភ្នំពេញ​)៖ ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេស បានប្រកាសថា ក្នុងអំឡុង​ទស្សនកិច្ច​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូលជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​តាម​សេចក្តីប្រកាស នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បញ្ហា​ព្រំដែន​។ ក្រោយ​កិច្ចប្រជុំ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​។​
​    ​
​ក្រសួងការបរទេស បន្ថែមថា ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​ព្រះករុណា​ព្រះបាទ​សម្ដេច​
​ព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រសួងការបរទេស បន្ថែមថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នៅ​កម្ពុជា នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ចំណងមិត្តភាព​ជា​ប្រពៃណី​ដ៏​យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា រវាង​កម្ពុជា និង​ឡាវ​។​

​សូម​រម្លឹកថា កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៩ ឡាវ បាន​បង្កើន​កម្លាំង​ទ័ព​ជាថ្មីទៀត នៅ​ព្រំដែន​តំបន់​មុំ​បី ក្នុង​ខេត្តព្រះវិហារ​។ តំបន់​ព្រំដែន​នោះ ជា​តំបន់​មិនទាន់​កំណត់​ច្បាស់លាស់​រវាង​កម្ពុជា និង​ឡាវ​។ ក្រោយ​ការបង្កើន​កម្លាំង​ទ័ព​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​នាយករដ្ឋមន្ត្រី​ឡាវ តាម​ទូរស័ព្ទ ហើយ​សម្រេច​ឲ្យ​កងទ័ព​ទាំងពីរ ដកចេញ​ទៅ​ពី​តំបន់​ព្រំដែន ហើយ​រក្សា​ភាពស្ងប់ស្ងាត់ និង​ដោះស្រាយ​ដោយ​សន្តិវិធី​។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​ឡាវ មុនពេល​នាយករដ្ឋមន្ត្រី​ឡាវ នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល ២​ថ្ងៃ នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែកញ្ញា​ចុង​សប្តាហ៍​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com