ហួសចិត្តសមត្ថកិច្ចនៅច្រកទ្វារទ្វេរភាគីបាក់ដៃ ចាប់មិនបានដល់ក្រុមទាហនចុះល្បាត ទើបចាប់បានក្រុមឈ្មួញ លួចនាំជ្រូកចូលមកខ្មែរតាមទូក ក្នុងស្រុកអង្គរបូរី

(តាកែវ)៖ បន្ទាប់ពីស្ងប់ស្ងាត់មួយរយះពេល ករណីលួចនាំជ្រូកចូលពីប្រទេសវៀតណាមមកកម្ពុជា ដែលបង្កឲ្យផ្ទុះនូវករណីជំងឺបេស្ដអាហ្រ្វិក នៅឃុំពន្លៃ ស្រុកអង្គរបូរី បណ្ដាលឲ្យជ្រូកពលរដ្ឋ ដែលចិញ្ចឹមលក្ខណៈគ្រួសារ ងាប់អស់ជាង១០០ក្បាល ពេលនេះមានឈ្មួញលួចនាំចូលដដែលតាមច្រកបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។

យោងតាមការបញ្ជាក់ពីលោកវេរសេនីយ៍ នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា កំម្លាំងទាហានសឹករងស្រុកអង្គរបូរី បានបង្ក្រាបក្រុមឈ្មួញលួចដឹកជ្រូកតាមទូក នៅចំណុចទួលក្បាលខ្មោច ឃុំអង្កាញ់ ស្រុកព្រៃកប្បាស នៅវេលាម៉ោង១២យប់ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងការឆ្មក់ចាប់នេះ ក្រុមទាហានបានឃាត់ខ្លួនមនុស្ស៤នាក់ រួមទាំងជ្រូក៥ក្បាល រម៉កកង់៣មួយគ្រឿង ទូកស្មាច់១ ម៉ាស៊ីនទូក១គ្រឿង ត្រូវបានបញ្ជូនវទៅផ្នែកសឹករងស្រុកអង្គរបុរី ដើម្បីប្រគល់ឲ្យក្រុមមន្ត្រីជំនាញ ដើម្បីចាត់ការតាមនិតិវិធី។

ក្រុមប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ក្រុមទាហានសឹករងខេត្តតាកែវ ដែលមានឆន្ទៈក្នុងការបម្រើរាស្រ្ត តែពួកគាត់ក៏សម្ដែងការហួសចិត្តចំពោះតួនាទីភារកិច្ចរបស់សមត្ថកិច្ចច្រកទ្វេភាគីបាក់ដៃ ដែលមិនបានបំពេញតួនាទីបម្រើរាស្ត្រ បែរជាឲ្យក្រុមឈ្មួញនាំជ្រូកវៀតណាម ចូលមកចម្លងជំងឺផ្សេងៗ ជាពិសេសជំងឺប៉េស្ត៏ជ្រូក ដែលបានកើតនៅឃុំពន្លៃ ស្រុកអង្គរបុរី កាលពីពេលថ្មីៗនេះ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងទៀតថា  ពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំខេត្តតាកែវ នឹងមានវិធានការចំពោះសមត្ថកិច្ចប្រចាំច្រក់ទ្វេភាគីបាក់ដៃ ជាក់ជាមិនខាន ព្រោះជាអ្នកបណ្ដោយឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាម តាមច្រករបស់ខ្លូនគ្រប់គ្រង៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com