ឯកអគ្គរដ្ឋទូតចិនមើលឃើញថា​ ក្រោយពេលអនុវត្តគោលនយោបាយ​ “ខ្សែក្រវាត់ និងផ្លូវ” ​កម្ពុជាមានការប្រែមុខ​មាត់​គួរឲ្យ​កត់​សម្គាល់​

(ភ្នំពេញ)៖ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លើក​ឡើងថា ក្រោយពេលរដ្ឋាភិបាលទាំងពីរបានអនុវត្តគោលនយោបាយ “ខ្សែក្រវាត់ និងផ្លូវ” ឃើញ​ថាថ្មីៗនេះកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ គួរឲ្យកត់សម្គាល់។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ នៅក្នុងចំពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូនក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់ថា ប្រទេសទាំពីរបានផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិនបានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន។ ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស ឯកឧត្តមបានឲ្យដឹងថា កន្លងមកកម្ពុជាបានបញ្ជូនមន្រ្តីចំនួន ២៦៨រូប ទៅចិនដើម្បីចូលរួមសិក្សាដកស្រង់បទពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិនក៏បានបញ្ជូនមន្រ្តី ជំនាញមកកម្ពុជាវិញផងដែរ។

ឯកអគ្គរដ្ឋទូតសង្ឃឹមថា តាមរយ:កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជោគវាសនារួមគ្នា ប្រកប​ដោយមិត្តភាព និងសាមគ្គីភាពជាបងប្អូន បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាប្រកបដោយនិរន្តរភាព ជាពិសេសជំរុញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារចិនបានកាន់តែច្រើនឡើងថែមទៀត។

អំពីគម្រោងឡជីវឧស្ម័ននេះ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិត​ចិនបានផ្តល់ហិរញ្ញប្បទានឥតសំណងជាឡជិវឧស្ម័នជូនមកកម្ពុជាចំនួន ១ ៥០០ឡ រថយន្ត ៣គ្រឿង ម៉ូតូ ១៤គ្រឿង ម៉ាស៊ីនភ្លើង ៧គ្រឿង ម៉ាស៊ីនបូមទឹក ៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩ ៦៦០ ០០០យាន់ ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន ៧ ក្នុងនោះខេត្តត្បូងឃ្មុំ ៣០០ ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិសាត់ ២០០ឡ និងខេត្តព្រះវិហារ ២០០ឡ សម្រាប់រយ:ពេល ៣ឆ្នាំ។

គម្រោងសាងសង់ឡជីវឧស្ម័ន ១ ៥០០ឡ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយរវាងរដ្ឋាភិបាលទាំងពីរសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៣- ២០១៧៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com