មន្ត្រី​ឧ​ទ្យា​នុ​រក្ស កាន់​កាំភ្លើង​វែង CKC ដើម្បី​ការពារ​ធនធានធម្មជាតិ ហើយ​រដ្ឋមន្ត្រី​ណែនាំ ១១​ចំណុច​

(​ភ្នំពេញ​)៖ ក្រសួងបរិស្ថាន បានសម្រេច​បំពាក់អាវុធ ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្សជាង ១២០០នាក់​ នៅទូទាំង​ប្រទេស​ ដើម្បី​ប្រើប្រាស់​នៅ​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​។ ក្នុងនោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានចេញ​សេចក្តីណែនាំ ១១​ចំណុច ស្តីពី ការគ្រប់គ្រង និង​ប្រើប្រាស់​អាវុធ នៅ​តំបន់ការពារធម្មជាតិ​នោះ​។​

​ក្រសួងបរិស្ថាន កំពុង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ចំនួន ៥៧ កន្លែង មាន​ទំហំ​ប្រមាណ ៧ ២៤៩ ០២៤ ហិកតា ដែល​ក្នុងនោះ មាន​ឧទ្យាន​ជាតិ​ចំនួន ១២ កន្លែង ដែនជម្រកសត្វព្រៃ​ចំនួន ២០ កន្លែង តំបន់ការពារទេសភាព​ចំនួន ១២ កន្លែង តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ចំនួន ៨ កន្លែង តំបន់​រ៉ា​ម​សារ​ចំនួន ៥ កន្លែង តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ចំនួន ២ កន្លែង និង​របៀង​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ចំនួន ៣ កន្លែង​។

​ក្នុងការ​ការពារ និង​អ​ភ​រិ​ក្ស​តំបន់​ការពារ​ធម្ម ជាតិ​ទាំងនេះ ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២២០ នាក់ ដែល​កំពុង​ឈរជើង​ការពារ​ធនធាន​ធម្មជាតិ នៅក្នុង​តំបន់​ទាំងនោះ​។ ​មន្ត្រី​​ឧ​ទ្យា​នុ​រក្ស ដែល​កាន់​អាវុធ​ពេលនេះ ទទួល​បានការ​បង្វឹក​ពី​យោធា​ចា​រ្យ នៅតាម​បណ្តា​ភូមិភាគ ដើម្បី​ប្រើប្រាស់ ថែទាំ និង​គ្រប់គ្រង​អាវុធ​ប្រភេទ CKC​។​

​កន្លងមក មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយចំនួន ទទួលរង​ការវាយប្រហារ​ពី​ជនល្មើស រហូតដល់​របួស និង​ស្លាប់​។ ដោយសារតែ​កន្លងមក ជនល្មើស មាន​កាំភ្លើង រីឯ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស មិនមាន​កាំភ្លើង ការពារ​ខ្លួន​ឡើយ​។ ដូច្នេះ​វិធានការ​ពេលនេះ នឹង​បង្កើន​ប្រសិទ្ធភាព និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​ល្បាត ការពារ និង​បង្ក្រាប​បទល្មើស​ក្នុង​តំបន់ការពារធម្មជាតិ ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដទៃទៀត​៕​

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com