លទ្ធផល​ប្រឡង​បាក់​ឌុប​៖ រដ្ឋមន្ត្រី​អប់រំ លើកឡើង ៣ ចំណុច

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បានចេញ​លិខិត ៣ ទំព័រ ថ្លែងអំណរគុណ​ដល់​អ្ន​ក​ពាក់ព័ន្ធ​ទាំងឡាយ រួមទាំង​មាតាបិតា​អាណាព្យាបាល និង​បេក្ខជន​ទាំងអស់ ដែល​បាន​សហការ​យ៉ាង​ដិតដល់ គោរព​តួនាទី និង បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន បាន​យ៉ាង​ខ្ជាប់ខ្ជួន នាំឱ្យ​ការប្រឡង​បាក់​ឌុប បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ និង​ជោគជ័យ​បែបនេះ​។

ក្នុងនោះ លោក​រដ្ឋមន្ត្រី​អប់រំ បានចាត់ទុក​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប ដែល​បានប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​០៩-១០​កញ្ញា​នេះ ឆ្លុះបញ្ចាំង​នូវ​ចំណុច​សំខាន់ ៣ យ៉ាង គឺ ១-​ចេះ​គឺជា​ប់ ២-​ការប្រឡង​បាន​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌ តម្លាភាព គោលការណ៍​ច្បាប់ និង​លទ្ធផល​ទទួលយកបាន និង​ចំណុច​ទី​៣-​លទ្ធផល​នៃ​ការប្រឡង ពុំមែន​ជាការ​កំណត់​ជោគវាសនា​របស់​បេក្ខជន​ទេ ប៉ុន្តែ​វា​គឺជា​ការវាស់ស្ទង់​សមត្ថភាព និង ជំរុញឱ្យមាន​ការ​ខំប្រឹងប្រែង​បន្ត​ទៅមុខទៀត ហើយ​ក្រសួង​អប់រំ​លើកទឹកចិត្ត​ដល់​បេក្ខជន ដែល​ពុំទាន់​ប្រឡង​ជាប់ បន្ត​ខិតខំ​ប្រែង​សិក្សា ដើម្បី​មានឱកាស​ទទួលបាន​ល​ទ្ធ​ផល​ល្អ​នៅ​ឆ្នាំក្រោយៗ​។

​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០១៩​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ដោយមាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង ១១៧ ០៤៣ នាក់ អវត្តមាន ១ ៨៣៨ នាក់ មាន​បញ្ហា​សុខភាព​មិនអាច​បន្ត​ប្រឡង ១១ នាក់ និង បេក្ខជន​ត្រូវបាន​ក្រសួង​អប់រំ​ទម្លាក់​ដោយ​ស្វ័យប្រវត្តិ​ចំនួន ២ នាក់ ។​

​លទ្ធផល​ដែល​ត្រូវបាន​ក្រសួង​អប់រំ ប្រកាស​នៅតាម​មណ្ឌល​នានា នៅ​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែកញ្ញា​នេះ ដោយមាន​ទាំង​ប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ គឺមាន​បេក្ខជន​ប្រឡង​ជាប់ ចំនួន ៧៩ ០៥២ នាក់ ត្រូវជា ៦៨, ៦២ ភាគរយ ក្នុងនោះ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ៤៤៣ នាក់​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com