ត្រៀម​ទប់ទល់​នឹង​ទឹកជំនន់​! ប្រមុខ​រាជរដ្ឋាភិបាល ចេញ​សារាចរ​ណែនាំ លើក​ទី​២ ព្រោះ​ទឹកទន្លេ នឹង​ឡើងដល់​ចំណាត់ថ្នាក់ “​ជំនន់​ធំ​”

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ លើក​ទី​២ ប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ពិសេស​ប្រជាពលរដ្ឋ ត្រៀម​ចាត់វិធានការ ទប់​ទល់នឹង​គ្រោះទឹកជំនន់​។ ជំនន់​ទឹកទន្លេ ដែល​នឹង​បន្ត​ហក់​ឡើងដល់​ចំណាត់ថ្នាក់​ជា “​ជំនន់​ធំ​” ដោយសារតែ​ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅ​អាង​ទន្លេមេគង្គ​ប៉ែក​ខាងលើ​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​នៅ​ថ្ងៃទី​១០​កញ្ញា​ថា ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ តទៅ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​មួយទៀត នឹង​កើតឡើង ហើយ​រំកិល​ចុះមក​ក្រោម បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​នៅ​ចន្លោះ​ស្ទឹងត្រែង និង​ប៉ាក់​សេ របស់​ប្រទេស​ឡាវ​។ ការធ្លាក់​ភ្លៀង​ជាថ្មីទៀត​នេះ គឺ​ស្រប​ពេលដែល​ស្ថានភាព​ទឹកទន្លេ​មេគង្គ ដែល​ហក់​ឡើង​យ៉ាងគំហុក​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ មានការ​ស្រក់​ចុះ​យឺត​បំផុត​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់ថា ក្នុង​រយៈពេល ៤​ថ្ងៃ​កន្លះ ឬ ១០៨​ម៉ោង ពោលគឺ​ផ្ដើម​ពីថ្ងៃ​ស្រក់​ចុះ នៅ​ថ្ងៃទី​៦ ខែកញ្ញា មកដល់​ថ្ងៃទី​១០ កញ្ញា​នេះ ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង ស្រក់​ចុះ​បានតែ ០,៦០​ម៉ែត្រ ឬ​៦​តឹក​ប៉ុណ្ណោះ​។

​ស្ថានភាព​នេះ នឹង​ជំរុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ប្រកាសប្រាប់​ប្រជាពលរដ្ឋ ក្រសួង​ស្ថាន​ប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ជំនន់​ឆ្នាំ​២០១៩​នេះ ចាត់ទុកជា​ចំណាត់ថ្នាក់​ជំនន់​ធំ ដែល​តម្រូវ​ឲ្យ​មានការ​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន និង​មាន​វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់​ដែល​អាច​កើតមានឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។

​គិត​ត្រឹម​ថ្ងៃទី​១០​កញ្ញា​នេះ ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ និង​បណ្តាល​ខេត្ត​ជាប់​ដង​ទន្លេ​ដទៃទៀត បាន​ជន់​លិច​ភូមិឋាន​ប្រជាពលរដ្ឋ ផ្លូវ​គមនាគមន៍ និង​បាក់​ច្រាំង​ជាច្រើន​។ ជាមួយគ្នា​នោះ ទឹក​នៅ​ទន្លេមេគង្គ​ក្រោម ទន្លេសាប និង​ទន្លេបាសាក់ ក៏​ជន់​ឡើងជា​បន្តបន្ទាប់ ហើយ​សាយ​វាល ចូល​ស្ទឹង ព្រែក បឹងបួរ និង​លិច​ភូមិ​ប្រជាពលរដ្ឋ នៅ​អម​សង្ខាង​ទន្លេ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com